ព័ត៌មានខ្លីៗ និងសំខាន់ៗប្រចាំថ្ងៃ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 March, 2020 ក+ ក-
ដើមឆ្នាំនេះ អគ្គិភ័យកើតឡើង ២៦១ករណី ស្លាប់៤នាក់ និងរងរបួស១៣នាក់

 


នៅត្រីមាសទី១ ដើមឆ្នាំនេះ គ្រោះអគ្គិភ័យបានកើតឡើងចំនួន ២៦១លើក បណ្តាលឲ្យមនុស្សស្លាប់ ៤ នាក់ និង ១៣នាក់ទៀតរងរបួស។ តួលេខនេះ មានការកើនឡើងទ្វេដង បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យ ដែលបានផ្ដល់ឲ្យដោយនាយកដ្ឋានបង្ការ ទប់ស្កាត់ និងពន្លត់អគ្គិភ័យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃចន្ទ។

លោក នេត វន្ថា ប្រធាននាយកដ្ឋានបង្ការទប់ស្កាត់ និងពន្លត់អគ្គិភ័យនៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ថា គ្រោះអគ្គិភ័យក្នុងត្រីមាសទី១ ដើមឆ្នាំ២០២០ នេះ បានកើតឡើងចំនួន ២៦១លើក មានការកើនឡើងចំនួន ៨២លើក បើធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០១៩ ដែលបានកើតឡើងចំនួន ១៧៩លើកប៉ុន្តែមានការខូចខាតផ្ទះពលរដ្ឋតិចជាងឆ្នាំមុន គឺត្រឹមតែ ១៨៩ខ្នង និងតូបលក់ដូរអស់ ៦០តូបប៉ុណ្ណោះ៕

អាមេរិកចាប់ផ្តើមធ្វើតេស្តវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណាលើអ្នកស្ម័គ្រចិត្ត៤៥នាក់

 


ក្រុមវេជ្ជសាស្ត្រសហរដ្ឋអាមេរិក ក្នុងសប្តាហ៍នេះ បានចាប់ផ្តើមការសាកល្បងប្រើប្រាស់វ៉ាក់សាំងប្រឆាំង កូវីដ ១៩ លើអ្នកស្ម័គ្រចិត្តដែលមានសុខភាពល្អជិត ៥០នាក់។

វ៉ាក់សាំងឈ្មោះ RNA-1273 ស្រាវជ្រាវនិងបង្កើតឡើងដោយអ្នកវិទ្យាសាស្ដ្រនៃវិទ្យាស្ថានសុខភាពជាតិ និងសហការីនៅក្រុមហ៊ុនជីវបច្ចេកវិទ្យាModerna។

ការពិសោធនេះ នឹងធ្វើឡើងទៅលើអ្នកស្ម័គ្រចិត្ដដែលមានសុខភាពល្អចំនួន ៤៥នាក់ អាយុចន្លោះពី១៨ ដល់ ៥៥ឆ្នាំដោយរៀបចំតាមដំណាក់កាលផ្សេងៗគ្នារយៈពេល៦សប្ដាហ៍ ដែលជាក្តីសង្ឃឹមមួយសម្រាប់ពិភពលោក ប៉ុន្ដែយ៉ាងហោចណាស់ ក៏ត្រូវចំណាយពេលដល់ ១៨ខែទៀតដែរ ទើបវ៉ាក់សាំងនេះ អាចប្រាកដថានឹងដាក់ឲ្យប្រើប្រាស់ជាសាធារណៈបាន ឬក៏យ៉ាងណា? ៕

ក្រសួងប្រាប់ឲ្យរាជធានី-ខេត្ត បង្កើតគណៈកម្មការប្រយុទ្ធនឹង COVID-19

 


រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានផ្ញើលិខិតជូនទៅអភិបាលរាជធានី-ខេត្ត ណែនាំឲ្យបង្កើតគណៈកម្មការប្រយុទ្ធនឹងជំងឺ Covid-19 នៅរាជធានី-ខេត្ត ដើម្បីឆ្លើយតបប្រឆាំងទៅនឹងការរីករាលដាលនៃជំងឺនេះ ខណៈនៅព្រឹកថ្ងៃទី១៧ ខែមីនា នេះ ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញចំនួន ១២ករណីបន្ថែមទៀត និងកំពុងរៀបចំដាក់នៅដោយឡែក ដើម្បីពិនិត្យតាមដានសុខភាព។

គួរជម្រាបថា គិតត្រឹមថ្ងៃទី១៦ ខែមីនា នេះ កម្ពុជាបានរកឃើញ១២ករណីហើយនៃការឆ្លង COVID-19 រួមមាន បុរសចិនម្នាក់ បុរសខ្មែរ២នាក់ និងបុរសខ្មែរ-អិស្លាម ២នាក់ បុរសបារាំងម្នាក់ ទារកបារាំងម្នាក់ បុរសអង់គ្លេសម្នាក់ ស្ត្រីអង់គ្លេស២នាក់ បុរសកាណាម្នាក់ និង បុរសប៊ែលហ្សិកម្នាក់។ បុរសចិន បានជាសះស្បើយវិញ៕

រដ្ឋាភិបាលទម្លាក់ថវិកា ៥០លានដុល្លារសម្រាប់ ទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ដែលប៉ះពាល់ដោយ EBA និង COVID-19

 


រាជរដ្ឋាភិបាលកម្ពុជា បានទម្លាក់កញ្ចប់ថវិកាពិសេសចំនួន ៥០លានដុល្លារ សម្រាប់ជួយដោះស្រាយបញ្ហាវិនិយោគរបស់សហគ្រាសធុនតូច និងមធ្យម នៅគ្រាដែលកម្ពុជាកំពុងជួបបញ្ហាដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ និងការរីករាលដាលនៃវីរុស COVID-19។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់កាលពីចុងខែកុម្ភៈ កន្លងមកថា ថវិកា៥០លានដុល្លារដែលរដ្ឋាភិបាលទម្លាក់ឱ្យសហគ្រាសធុនតូច និងមធ្យម គឺដើម្បីដោះស្រាយការរងផលប៉ះពាល់ពីវីរុស Covid-19 និងការព្យួរផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ (EBA) នៅក្នុងវិស័យកែច្នៃផលិតផល កិសកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ដែលស្ថិតក្នុងការប្រកួតប្រជែងជាដើម។

លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ ដែលទទួលការងារនេះពីរាជរដ្ឋាភិបាល បានបញ្ជាក់ថា ម្ចាស់សហគ្រាសទាំងអស់ ដែលកំពុងជួបប្រទះបញ្ហារកស៊ីនោះ គឺអាចដាក់ពាក្យស្នើសុំប្រាក់កម្ចីបាន ដោយសហគ្រាសមួយ អាចទទួលបានថវិកាដល់ ៣០ម៉ឺនដុល្លារ៕

 ផ្តល់ប្រាក់ឧបត្ថម្ភ ៥ម៉ឺនរៀល ដល់មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

 

នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្តីពីការចាត់ចែងប្រាក់ឧបត្ថម្ភចំនួន៥ម៉ឺនរៀលដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៣។

ដូចបណ្តាឆ្នាំមុនៗដែរ ដើម្បីជាលើកទឹកចិត្តដល់មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនោះ រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន តែងផ្តល់ប្រាក់ឧបត្ថម្ភ៥ម៉ឺនរៀលជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទមួយឆ្នាំពីរដង គឺពេលបុណ្យចូលឆ្នាំ និងបុណ្យភ្ជុំបិណ្ឌ។ ប្រាក់ឧបត្ថម្ភក្នុងពិធីបុណ្យជាតិទាំងពីរនេះ មានចំនួនសរុបប្រហែលជា ១៤លានដុល្លារអាមេរិក៕

អ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងធ្វើសន្និសីទកាសែត ជជែកពី កូវីដ១៩ នៅកម្ពុជា

 


នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ស្អែកនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «បច្ចុប្បន្នភាព ជំងឺរលាកសួត បង្កដោយវីរុសកូវីដ១៩» និង «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង» នៅសាលប្រជុំ B នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។

ក្នុងសន្និសីទសារព័ត៌មាននេះ ក៏មានការអញ្ជើញជាវាគ្មិនពី លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងលោក ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង ដែលក្នុងនោះមានការសម្របសម្រួលពី លោក ផៃ ស៉ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ផងដែរ៕