WHO អំពាវនាវដល់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ត្រូវចាត់វិធានការក្តៅ ដើម្បីបញ្ឈប់ការរាតត្បាតវីរុសកូរ៉ូណា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 March, 2020 ក+ ក-

ញូដេលី ៖ អង្គការសុខភាពពិភពលោកបានអំពាវនាវឱ្យមានសកម្មភាពខ្លាំងក្លានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លងដែលបានរីករាលដាលយ៉ាងឆាប់រហ័សដោយព្រមាននៅថ្ងៃអង្គារទី១៧ ខែមីនាថា ប្រទេសមួយចំនួនកំពុងឆ្ពោះទៅរកការឆ្លងសហគមន៍នៃជំងឺដ៏សាហាវនេះ។ នេះបើយោងតាមសារព័ត៌មាន CNA។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនាដើមសប្តាហ៍នេះ WHO បានសង្កត់ធ្ងន់ថា ការឆ្លងវីរុសកូរ៉ូណាថ្មី (COVID-19) បានរីករាលដាលខ្លាំង នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ នៅទូទាំងពិភពលោកក្រៅពីចិន ដែលបង្ខំឲ្យប្រទេសជាច្រើនចាត់វិធានការកាន់តែតឹងរ៉ឹង ក្នុងនោះមានទាំងការបិទព្រំដែន ដាក់ការរឹតបន្តឹងលើអ្នកដំណើរបរទេស ឬហាមពួកគេចូលក្នុងប្រទេស និងបូករួមទាំងការបិទសាលារៀន ព្រមទាំងបំរាមគោចរក្នុងស្រុកជាដើម។

អង្គការ WHO បានរំលឹកថា ក្តីព្រួយបារម្ភនៅពេលនេះ គឺទៅលើប្រព័ន្ធសុខាភិបាលនៃប្រទេសភាគច្រើនតែម្តង នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមិនអាចទប់ទល់បាននោះឡើយ ក្នុងករណីមានការផ្ទុះជំងឺឆ្លងរាលដាល នៅក្នុងកម្រិតធ្ងន់នោះ។ លោកស្រី ភូណាម ខេត្រាផល ស៊ីង (Poonam Khetrapal Singh) ប្រធានអង្គការ WHO ថ្នាក់តំបន់បានលើកឡើងថា «យើងត្រូវតែបង្កើនវិធានការគ្រប់បែបយ៉ាង ដើម្បីទប់ស្កាត់វីរុសនេះ កុំឲ្យឆ្លងទៅកាន់មនុស្សកាន់តែច្រើនទៀត…។ ការឆ្លងវីរុស (COVID-19) ជាចង្កោមៗត្រូវបានរាយការណ៍រួចទៅហើយ។ ពិតណាស់យើងត្រូវធ្វើអ្វីបន្ថែមទៀត និងជាបន្ទាន់ផងដែរ»។

សូមជម្រាបថា បច្ចុប្បន្នប្រទេសអាស៊ីអាគ្នេយ៍ ដែលមានអ្នកឆ្លង COVID-19 ច្រើនជាងគេគឺម៉ាឡេស៊ីមានរហូតដល់ ៦៧៣ករណី ក្នុងនោះអ្នកជំងឺ០២នាក់ស្លាប់ ខណៈហ្វីលីពីនមានអ្នកឆ្លងជិត ២០០ករណី និងអ្នកជំងឺ១២នាក់ស្លាប់៕