ចិននឹងបញ្ជូនពេទ្យជំនាញ “កូវីដ១៩” មកជួយកម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 March, 2020 ក+ ក-

ភ្នំពេញ ៖ គ្រូពេទ្យជំនាញរបស់ចិននឹងមកកម្ពុជាក្នុងពេលឆាប់ៗនេះ ដើម្បីចែករំលែកបទពិសោធពីការទប់ស្កាត់ និងព្យាបាលជំងឺ កូវីដ ១៩ តាមសំណើរបស់កម្ពុជា។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «បច្ចុប្បន្នភាព ជំងឺរលាកសួត បង្កដោយវីរុសកូវីដ១៩»របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមីនា នេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា រដ្ឋាភិបាលកម្ពុជាបានស្នើទៅមិត្តចិន ដើម្បីឱ្យក្រុមគ្រូពេទ្យជំនាញមកកម្ពុជា ដើម្បីជួយចែករំលែកបទពិសោធក្នុងការព្យាបាល និងការពារជំងឺកូវីដ-១៩។

បើតាមការអះអាងរបស់ស្ថានទូតចិន ប្រចាំនៅកម្ពុជា បានឲ្យដឹងថា រដ្ឋាភិបាលចិន កំពុងរៀបចំការងារបញ្ជូនក្រុមគ្រូពេទ្យជំនាញពីប្រទេសចិនមកកាន់ប្រទេសកម្ពុជា ដើម្បីជួយរាជរដ្ឋាភិបាលកម្ពុជាប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩ នេះ។

បើតាមស្ថានទូតចិន បានបញ្ជាក់ថា ក្រុមគ្រូពេទ្យដែលចិនគ្រោងបញ្ជូនមកកម្ពុជាមានគ្នាប្រមាណពី៥ ទៅ៧នាក់ដែលនឹងមកដល់កម្ពុជាក្នុងពេលឆាប់ៗនេះ។បច្ចុប្បន្ននេះស្ថានទូតចិន កំពុងពន្លឿនការងារ តាមសំណើររបស់មិត្តដែកថែបកម្ពុជា៕