ព័ត៌មានខ្លីៗ សំខាន់ៗប្រចាំថ្ងៃ ! ឆេះឃ្លាំងស្តុករថយន្តទំនើបអស់២៧គ្រឿង របួសមនុស្ស៣នាក់ នៅសង្កាត់ទឹកថ្លា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 March, 2020 ក+ ក-
ឆេះឃ្លាំងស្តុករថយន្តទំនើបអស់២៧គ្រឿង របួសមនុស្ស៣នាក់ នៅសង្កាត់ទឹកថ្លា


ករណីឆេះអគារបម្រើសេវាកម្មជួសជុលរថយន្ត និងឃ្លាំងស្តុករថយន្តរបស់ក្រុមហ៊ុន Mitsubishi Motors Cambodia ដែលមានទីតាំងស្ថិតនៅក្នុងក្រុមទី ៣ ភូមិ-សង្កាត់ទឹកថ្លា ខណ្ឌសែនសុន រាជធានីភ្នំពេញកាលពីល្ងាចថ្ងៃចន្ទ បានបង្កឲ្យមនុស្សយ៉ាងហោចណាស់ ៣ នាក់រងរបួស និងឆេះខូចខាតរថយន្តម៉ាក Mitsubishi ស៊េរីឆ្នាំ ២០២០ អស់ចំនួន ២៧ គ្រឿង ព្រមទាំងសម្ភារ និងគ្រឿងចក្រជួសជុលរថយន្តមួយចំនួនទៀត បានរងការឆេះខូចខាតស្ទើរទាំងស្រុង។ នេះបើយោងរបាយការណ៍របស់សមត្ថកិច្ចកងពន្លត់អគ្គិភ័យរាជធានីភ្នំពេញ ដែលភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីព្រឹកថ្ងៃអង្គារ។

លោក ឡៅ សាក់ នាយកគ្រប់គ្រងក្រុមហ៊ុន Mitsubishi Motors Cambodia សុំមិនធ្វើអធិប្បាយកាលពីម្សិលមិញ ដោយគ្រាន់ថ្លែងថា៖ «ខ្ញុំសូមការអធ្យាស្រ័យ នៅពេលនេះខ្ញុំនៅមិនទាន់អាចវាយតម្លៃពីទំហំនៃការខូចខាតបានទេ»៕

 

ក្រសួង ប្រកាសផ្អាកការចូលទស្សនាព្រះបរមរាជវាំងជាបណ្តោះអាសន្ន

 

ក្រសួងព្រះបរមរាជវាំង បានចេញសេចក្តីប្រកាស ផ្អាកមិនអនុញាតឲ្យភ្ញៀវចូលទស្សនាព្រះបរមរាជវាំងចាប់ពីថ្ងៃទី១៨មីនា នេះតទៅ ដើម្បីរួមចំណែកថ្មី ទប់ស្កាត់ការរាលដាលនៃមេរោគ កូវីដ១៩ នៅកម្ពុជា។

 

ក្រសួងព្រះបរមរាជវាំង បានបញ្ជាក់នៅក្នុងលិខិតនោះថា ការ ប្រកាសផ្អាកមិនអោយចូលទស្សនា ក្នុងព្រះបរមរាជវាំង គឺធ្វើឡើងទៅតាមលិខិតរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្នើរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងអភិបាលរាជធានី-ខេត្តទាំងអស់ឱ្យបិទ KTV និងរោងភាពយន្តទាំងអស់ នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះតទៅ ដើម្បីទប់ស្កាត់ការរីករាលដាល់ជំងឺកូវីដ១៩៕

 

អាជ្ញាធរវៀតណាម ប្រកាសបិទច្រកព្រំដែនមួយចំនួនជាមួយកម្ពុជា ជាបណ្តោះអាសន្ន

 


ភ្នំពេញ ៖ រដ្ឋាភិបាលវៀតណាម នៅព្រឹកថ្ងៃទី១៨ ខែមីនា នេះ បានសម្រេចបិទច្រកព្រំដែនជាមួយកម្ពុជាភ្លាមៗ ដោយអះអាងថា ដើម្បីទប់ស្កាត់នឹងការឆ្លងជំងឺកូវីដ១៩ និងងាយស្រួលក្នុងការគ្រប់គ្រងស្ថានភាពនៅក្នុងប្រទេសរបស់ខ្លួន ស្របពេលដែលកម្ពុជា បានប្រកាសពីការរកឃើញអ្នកឆ្លងវីរុសCovid-19 ចំនួន ២នាក់បន្ថែមទៀត គឺកើនឡើងសរុប ៣៥ករណី។

លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប្រាប់ថា រដ្ឋាភិបាលវៀតណាមនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ នេះ ពិតជាបានសម្រេចបិទច្រកព្រំដែនមួយចំនួនជាបណ្តោះអាសន្នជាមួយប្រទេសកម្ពុជា មែន គឺទាំងជនបរទេស និងពលរដ្ឋខ្មែរមិនអនុញ្ញាតឲ្យចូលទេ៕

 

 ជនជាប់ពន្ធនាគារនៅកម្ពុជា មិនអនុញ្ញាតឲ្យជួបផ្ទាល់ជាមួយអ្នកចូលសួរសុខទុក្ខទៀតឡើយ

 


លោក ចាន់ គឹមសេង អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ បានបញ្ជាក់នៅថ្ងៃនេះថា គ្រប់ពន្ធនាគារទាំងអស់នៅកម្ពុជា ត្រូវបានបំពាក់ឧបករណ៍វាស់ស្ទង់កម្តៅពិនិត្យរក កូវីដ ១៩ ទាំងអ្នកជាប់ឃុំ និងក្រុមគ្រួសារដែលស្នើសុំចូលសួរសុខទុក្ខ។

លោកថា ថ្មីៗនេះអ្នកជាប់ឃុំម្នាក់ ត្រូវបានយកសំណាកទៅពិនិត្យរក កូវីដ១៩ តែមិនទាន់ដឹងលទ្ធផលនៅឡើយ។ ខណៈកម្ពុជា ស្ថិតក្នុងស្ថានភាពបែបនេះ ពន្ធនាគារ បានសម្រេចមិនអនុញ្ញាតឲ្យអ្នកខាងក្រៅចូលជួបដោយផ្ទាល់ជាមួយអ្នកជាប់ឃុំក្នុងពន្ធនាគារដូចគ្រាមុនៗទៀតឡើយ៕

 

 ផ្សោតនៅអន្លង់កាំពី ខេត្តក្រចេះ កើតកូនមួយក្បាលទៀតហើយ

 


ក្រុមការងារស្រាវជ្រាវសត្វផ្សោតទន្លេមេគង្គនៃរដ្ឋបាលជលផលខេត្តក្រចេះ និងខេត្តស្ទឹងត្រែង អង្គការ WWF-កម្ពុជា បានប្រទះឃើញកូនផ្សោតទើបកើតថ្មីមួយក្បាលទៀតក្នុងខែមីនា នេះ (កូនទី៥នៅដើមឆ្នា២០២០ )មានអាយុប្រហែលជា ១ថ្ងៃ កំពុងហែលក្នុងចំណោមហ្វូងផ្សោតធំចំនួន៥ក្បាល នៅក្នុងអន្លង់ផ្សោតកាំពី ខេត្តក្រចេះ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០។

តាមរបាយការណ៍នៃការអង្កេតចំនួនសត្វផ្សោតទន្លេមេគង្គក្នុងឆ្នាំ២០១៧ បានបង្ហាញថាមានសត្វផ្សោតចំនួន ៩២ក្បាល ក្នុងទន្លេមេគង្គក្នុងខេត្តក្រចេះ និងស្ទឹងត្រែង៕

 

ក្រសួងធនធានទឹក អំពាវនាវឲ្យថែរក្សាសុខភាព ខណៈអាកាសធាតុឡើងកម្តៅ និងមានខ្យល់កន្ត្រាក់

 


ស្ថានភាពអាកាសធាតុនៅកម្ពុជា នឹងមានការប្រែប្រួលចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដោយបន្តឡើងក្តៅខ្លាំងនៅពេលថ្ងៃ។

ទាក់ទិននឹងការកើនឡើងនៃកម្តៅអាកាសធាតុនេះ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ថែរក្សាសុខភាពចំពោះការ និងសូមបន្តប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសបណ្តាខេត្តនៅភាគពាយ័ព្យ ចាប់ពីថ្ងៃទី ១៨-២៣ ខែមីនា ឆ្នាំ២០២០ ដែលអាចមានភ្លៀងធ្លាក់ខ្សោយ ដោយឡែកតែខេត្តកោះកុង អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម៕

 

ចិនប្រកាសពីជោគជ័យនៃការរកឃើញវ៉ាក់សាំងប្រឆាំងជំងឺ Covid-19

 


ក្រុមស្រាវជ្រាវនៃវិទ្យាស្ថានវិទ្យាសាស្រ្តយោធាប្រទេសចិន បានប្រកាសពីជោគជ័យនៃការស្រាវជ្រាវរកឃើញវ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 និងទទួលបានការអនុញ្ញាតក្នុងដំណើរការពិសោធន៍ព្យាបាលជំងឺ។

តាម Facebook ផ្លូវការរបស់ស្ថានទូតចិនប្រចាំកម្ពុជា បានបញ្ជាក់នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ នេះថា ការស្រាវជ្រាវនេះ ដឹកនាំដោយលោកស្រី Chen Wei អ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវវេជ្ជសាស្រ្តយោធាចិន ដោយស្របតាមស្តង់កំណត់អន្តរជាតិ និងតាមបទប្បញ្ញត្តិរបស់ចិន ហើយត្រូវបានចាត់ទុកជាកិច្ចការរៀបចំបឋម ដែលប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព គុណភាព ដែលអាចធានាបាននៃដំណើរការផលិតក្នុងទ្រង់ទ្រាយធំ៕