ចិន ប្រកាសថា គ្មានការឆ្លង COVID-19 ថ្មីនៅក្នុងស្រុកណាមួយរបស់ចិន ទៀតទេ
ចិន ៖ នេះជាការប្រកាសលើកដំបូងបំផុត ចាប់តាំងពីមានជំងឺ COVID-19 ផ្ទុះឡើង កាលពីចុងឆ្នាំ២០១៩ នៅទីក្រុងវូហាន។ ប៉ុន្តែបែរជាមានករណីនាំចូលជំងឺនេះ ពីបរទេសចំនួន ៣៤ករណីទៅវិញ។
គណៈកម្មការជាតិសុខាភិបាលចិន (NHC) បានប្រកាសនៅថ្ងៃទី១៩ ខែមីនា នេះថា ករណីឆ្លងថ្មីនៅក្នុងស្រុក ជាពិសេសនៅខេត្តហ៊ូប៉ី មិនមានសូម្បីតែមួយករណី។ ប៉ុន្តែអ្នកឆ្លង COVID-19 ចំនួន ៣៤ករណី ត្រូវបានគេរាយការណ៍ថា សុទ្ធតែជាអ្នកដែលបានឆ្លងជំងឺនៅឯបរទេស ហើយនាំចូលមកប្រទេសចិន ដែលក្នុងចំណោមទាំង ៣៤ករណីនេះ មាន ២១ករណី ត្រូវបានរកឃើញនៅក្នុងទីក្រុងប៉េកាំង៕
ព្រះមរមរាជវាំង ផ្អាកព្រះរាជពិធីត្រស្តិសង្ក្រាន្ត (ភាណយក្ស) ដែលគ្រោងធ្វើនៅចុងខែនេះ
ភ្នំពេញ ៖ ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី១៨ មីនា ឆ្នាំ២០២០ បានចេញនូវសេចក្តីជូនដំណឹងពីការផ្អាកព្រះរាជពិធីត្រស្តិសង្ក្រាន្ត (ភាណយក្ស) ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២០-២៣ មីនា ឆ្នាំ២០២០នេះ ដើម្បីជាវិធានការការពារការរីករាលដាលជំងឺ Covid-19 ។
សូមជម្រាបថា កាលពីដើមសប្តាហ៍នេះ ក្រសួងព្រះបរមរាជវាំង ក៏បានជូនដំណឹងផងដែរពីការផ្អាកឲ្យការចូលទស្សនាព្រះបរមរាជវាំង ពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ រហូតមានការជូនដំណឹងជាថ្មី៕
ភ្ញៀវបរទេសលើកប៉ាល់ដែលវៀតណាម មិនឲ្យចូលចត មានសុខភាពធម្មតា និងបានចាកចេញពីកម្ពុជាហើយ
ភ្នំពេញ ៖ ភ្ញៀវទេសចរបរទេសចំនួន ៣៤នាក់ តាមកប៉ាល់ដែលអាជ្ញាធរវៀតណាម ហាមមិនឲ្យចូលចតក្នុងប្រទេសរបស់គេ ហើយបានត្រឡប់មកកម្ពុជាវិញនោះ បានចាកចេញពីកម្ពុជាហើយ កាលពីថ្ងៃទី១៨ ខែមីនា ខណៈដែលអ្នកនៅសេសសល់ចំនួន ៤១នាក់ទៀតនឹងត្រូវហោះហើយចេញនៅថ្ងៃព្រហស្បតិ៍ នេះ ទៅប្រទេសបារាំង អាមេរិក ស្វ៊ីស និងកាណាដា។
គួរបញ្ជាក់ថា សុខភាពភ្ញៀវ និងបុគ្គលិកនាវាទាំង ៥គ្រឿងសរុប ២០០នាក់ ក្នុងនោះភ្ញៀវចំនួន ៧៧នាក់ និងនាវិកចំនួន ១២៣នាក់ គឺល្អធម្មតា បន្ទាប់ពីត្រូវបានបុគ្គលិកសុខាភិបាលកម្ពុជាធ្វើតេស្តចំនួន ៣ដង គឺ ២ដងធ្វើនៅព្រំដែនកម្ពុជា-វៀតណាម៕
ករណីរាលដាលនៃជំងឺ កូវីដ ១៩ នៅកម្ពុជា មិនទាន់ប៉ះពាល់ដល់រោងចក្រទេ
ការរីករាលដាលនៃកូវីដ ១៩ មិនទាន់មានការគំរាមកំហែងដែលអាចឈានទៅរកការបិទរោងចក្រនោះកាតដេរនៅកម្ពុជាទេ ប៉ុន្តែនឹងធ្វើឲ្យប៉ះពាល់ដល់ការនាំចេញផលិតផលសម្លៀកបំពាក់ទៅកាន់ទីផ្សារអឺរ៉ុប និងអាមេរិក ប្រសិនបើវីរុស កូវីដ ១៩ បន្តរីករាលដាល។ នេះបើតាមការបញ្ជាក់របស់លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ។
លោក ហេង សួរ បញ្ជាក់ថា ក្នុងចំណោមរោងចក្រចំនួន ៥០ ដែលបានផ្អាកប្រតិបត្តិការដោយសារតែកង្វះវត្ថុធាតុដើម កាលពីខែមុន នៅពេលនេះ គឺមានរោងចក្រចំនួន១៧ បានចាប់ផ្ដើមសកម្មភាពឡើងវិញហើយគិតត្រឹមថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២០ ក្នុងនោះមានកម្មករធ្វើការប្រមាណ ១៤ ៦១៧ នាក់ បន្ទាប់ពីទទួលបានការផ្គត់ផ្គង់វត្ថុធាតុដើមពីចិន៕
ការតេចូលលេខ១១៥ ដើម្បីសួរព័ត៌មានពីកូវីដ១៩ អាចរង់ចាំយូរ ព្រោះការហៅចូលក្នុងមួយថ្ងៃៗជិត១ម៉ឺននាក់
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) បានប្រកាសនៅថ្ងៃនេះថា រាល់ការហៅចូលលេខ ១១៥ ពាក់ព័ន្ធនឹងករណី COVID-19 មានពេលខ្លះត្រូវរង់ចាំយូរ រឺមិនអាចភ្ជាប់បានដោយសារប្រព័ន្ធនេះត្រូវធ្វើការបញ្ជូនការហៅនោះទៅកាន់ទូរស័ព្ទដៃរបស់មន្ត្រីចំនួន២៥នាក់ផ្សេងទៀត ដែលរង់ចាំពន្យល់ តែដោយពេលខ្លះពួកគាត់កំពុងជាប់រវល់ពិភាក្សាជាមួយសាធារណៈជនដទៃទៀតរួចហើយ ទើបធ្វើឲ្យត្រូវរង់ចាំពី ៣-៤ នាទី។
CDC បានបន្ថែមថា ដោយសារការហៅចូលលេខ ១១៥ យ៉ាងច្រើនលើសលុបមិនថា យប់ រឺថ្ងៃបែបនេះ CDC សូមឲ្យមានយោគយល់ពីសាធារណៈជនទាំងអស់ និងសំណូមពរឲ្យធ្វើការហៅជាថ្មីម្តងទៀត ព្រោះនាពេលចុងក្រោយនេះ មានការហោះចូលជិត ១ម៉ឺននាក់ក្នុងមួយថ្ងៃ ដែលសរុបតាំងពីរកឃើញជំងឺកូវីដ១៩ ករណីទី១ មក មានជិត ១លាននាក់ហើយ៕
អាជ្ញាធររំលឹកឲ្យពលរដ្ឋទៅចុះឈ្មោះទទួលយក ID កាត សម្រាប់ទូទាត់ថ្លៃប្រមូលសំរាម តាមប្រព័ន្ធអេឡិចត្រូនិក
រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសជាថ្មី ដល់ប្រជាពលរដ្ឋដែលមិនទាន់មាន ID បង់សេវាសំរាមតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវរួសរាន់ទៅចុះឈ្មោះនៅរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញដែលមានទីតាំងនៅក្នុងសាលារាជធានីភ្នំពេញ ដើម្បីទទួលបាន ID កាត សម្រាប់បង់សេវាថ្លៃសំរាមតាមប្រព័ន្ធអេឡិចត្រូនិក ជំនួសដោយការធ្លាប់បង់តាមវិក្កយបត្រដែលធ្លាប់ភ្ជាប់ជាមួយវិក្កយបត្រអគ្គិសនី។
លោក នួន សំណាវុធ អភិបាលរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម សំណល់រឹង រាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយពីទទួលបានលេខសម្គាល់ ID រួចហើយ អតិថិជនត្រូវរួសរាន់ទូទាត់ថ្លៃសេវាសំរាមជូនរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញជាកំហិត៕