ភ្នំពេញ+កំពង់ធំ ៖ ឃាតករដៃឆៅចាក់សម្លាប់បុរសជាសន្ដិសុខម្នាក់ បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម នៅខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ត្រូវកម្លាំងនគរបាលតាមចាប់ខ្លួនបានហើយ នៅខេត្តកំពង់ធំ នាល្ងាចថ្ងៃនេះទីដែលជនសង្ស័យកំពុងលាក់ខ្លួន។
លោកឧត្តមសេនីយឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងក្រោមបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា។
បើតាមលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រតិបត្តិរហូតឈានដល់តាមចាប់ខ្លួនបានជនដៃដល់នេះ មានកិច្ចសហការរវាង កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ជាមួយអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង, អធិការដ្ឋាននគរបាលស្រុកអង្គស្នួល និងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។
លោកឧត្តមសេនីយ៍ឯក ង៉េង ជួ បានបញ្ជាក់ថា ជនដៃដល់ដែលកម្លាំងជំនាញតាមបង្ក្រាបបានឈ្មោះ ឈី ប៊ុនណៃ អាយុ២២ឆ្នាំ មុខរបរសន្តិសុខ ចាក់ជនរងគ្រោះឈ្មោះ ប៊ុន សុខចំរើន អាយុ៤៦ឆ្នាំ បណ្តាលឲ្យស្លាប់ភ្លាមៗ ហើយជនសង្ស័យក៏បានរត់គេចខ្លួនទៅបាត់តែម្តង។ ជនដៃដល់ខាងលើត្រូវឃាត់ខ្លួនបាន នៅវេលាម៉ោង០៥ល្ងាចមិញនេះ នៅចំណុចភូមិព្រៃពន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ក្រោយពីសួរចម្លើយបឋម ជនសង្ស័យបានសារភាពថា មូលហេតុដែលខ្លួនចាក់សម្លាប់ជនរងគ្រោះ ដោយសារជនរងគ្រោះប្រមាថខ្លួនថាជាមនុស្សញៀនថ្នាំ។ បច្ចុប្បន្នជនដៃដល់ត្រូវបានបញ្ជូនពីខេត្តកំពង់ធំ មកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕