ថៃរកឃើញអ្នកឆ្លង COVID-19 ៥០នាក់ទៀត ធ្វើឲ្យចំនួនសរុបកើនដល់៣២២ករណី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 March, 2020 ក+ ក-

បាងកក ៖ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសថៃ បានកើនដល់៣២២ករណីហើយ បន្ទាប់ពីអ្នកឆ្លង ៥០ករណីថ្មីបន្ថែមទៀតត្រូវបានគេរាយការណ៍ នៅថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០នេះ។

អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លង នៃក្រសួងសុខាភិបាលថៃ លោក សុវណ្ណាឆ័យ (Suwannachai Wattanayingcharoenchai) បានឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ករណីឆ្លងថ្មីទាំង៥០ករណីថ្មីៗខាងលើ មាន៤១ករណី ជាប់ពាក់ព័ន្ធនឹងករណីឆ្លងមុនៗ ខណៈ៩នាក់ផ្សេងទៀត គឺមានជាប់ទាក់ទិននឹងអ្នកមកពីបរទេស និងធ្លាប់ទំនាក់ទំនងជិតស្និទជាមួយជនបរទេស។

សូមជម្រាបថា បច្ចុប្បន្នថៃមានករណីស្លាប់ម្នាក់ដោយសារ COVID-19 និងអ្នកជំងឺ ៤៣នាក់បានជាសះស្បើយ ខណៈអ្នកជំងឺ ២៧៨នាក់ទៀត នៅតែបន្តការសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យនៅឡើយ៕