គូឡាឡាំពួរ ៖ អគ្គនាយកសុខាភិបាលម៉ាឡេស៊ីបានបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅក្នុងប្រទេសម៉ាឡេស៊ី បានកើនដល់១១នាក់ហើយ បន្ទាប់ពីអ្នកជំងឺម្នាក់បន្ថែមទៀត ត្រូវបានគេរាយការណ៍ថា បានស្លាប់។ នេះបើតាមសារព័ត៌មាន CNA។
នៅក្នុងសារបង្ហោះលើ Facebook នៅថ្ងៃចន្ទនេះ អគ្គនាយកសុខាភិបាលម៉ាឡេស៊ី លោក Noor Hisham Abdullah បានបញ្ជាក់ថា ជនរងគ្រោះខាងលើ គឺជាបុរសពលរដ្ឋ ម៉ាឡេស៊ីម្នាក់ មានអាយុ៧០ឆ្នាំ និងមានជំងឺប្រចាំកាយស្រាប់។ លោកបន្ថែមថា បុរសចំណាស់រូបនេះ ធ្លាប់ធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូណេស៊ី កាលពីខែកុម្ភៈ ឆ្នាំ២០២០ ហើយគាត់មានរោគសញ្ញា COVID-19 កាលពីមួយសប្ដាហ៍មុន និងបានសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលពីថ្ងៃទី១៨ ខែមីនា ក៏ដូចជាត្រូវបានធ្វើតេស្ដរកឃើញថាផ្ទុកជំងឺនេះ នៅថ្ងៃទី១៩ ខែមីនា។
បើតាមលោក Abdullah បុរសម្នាក់នេះដែលជាករណីឆ្លងទី១,០៧០ បានស្លាប់កាលពីថ្ងៃទី២២ ខែមីនា នៅវេលាម៉ោង ៩៖៥០នាទីយប់។ គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ អ្នកឆ្លងសរុប នៅក្នុងប្រទេសម៉ាឡេស៊ី បានកើនដល់១,៣០៦នាក់៕