រដ្ឋបាលខេត្តកំពង់ចាមប្រជុំផ្សព្វផ្សាយពីវិធានការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ នៅស្រុកកងមាស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 March, 2020 ក+ ក-

ខេត្តកំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធជំងឺកូវីដ១៩ ខេត្តកំពង់ចាម នារសៀល ថ្ងៃ ទី ២៣ ខែមិនា ឆ្នាំ ២០២០ ម្សិលមិញ នេះ បាន ដឹកនាំ កិច្ចប្រជុំផ្សព្វផ្សាយ អំពីវិធានការទប់ស្កាត់ ការរាតត្បាតនៃជំងឺកូវីដ១៩ ដល់អាជ្ញាធរ សមត្ថកិច្ច ស្រុកកងមាស សម្រាប់ធ្វើការផ្សព្វផ្សាយបន្ត ដល់បងប្អូនប្រជាពលរដ្ឋ ក្នុង មូលដ្ឋានរបស់ខ្លួន។

ថ្លែងក្នុងកិច្ចប្រជុំនោះដែរ លោក អ៊ុន ចាន់ដា បានលើកឡើងនូវចំណុចសំខាន់ៗ ចំនួន៣ សម្រាប់ត្រៀម និងបង្ការការរីករាលដាលនៃជំងឺកូវិដ១៩នេះ រួមមាន ដាក់ស្នេីឲ្យ បងប្អូនប្រជាពលរដ្ឋណា ដែលទើបតែ ត្រឡប់ មកពីបណ្ដាប្រទេសនានា ឲ្យពួកគាត់រស់នៅដាច់ដោយឡែក ក្នុង រយៈពេល ១៤ថ្ងៃសិន ព្រមទាំងពិនិត្យនៅសំណាកសម្រាប់តាមដានថាមានជំងឺ កូវីដ១៩ឬទេ។

ព្រមទាំងធ្វើការអប់រំទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមមូលដ្ឋានឲ្យច្បាស់ពីជំងឺកូវីដ១៩នេះ ដោយឆ្លងតាមរយៈអ្វីខ្លះ ដោយធ្វើការសំអាតអនាម័យជាប្រចាំសម្រាប់ខ្លួនឯង និងមនុស្សជុំវិញខ្លួន។ ព្រមទាំង សូមអាជ្ញាធរមូលដ្ឋាន ធ្វើការផ្សព្វផ្សាយពីសេចក្តីណែនាំ របស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ និងរដ្ឋបាលសាលាខេត្ត ដើម្បីជូនជាដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច អោយគាត់យល់ដឹង និងអនុវត្តតាម។

ជាមួយគ្នា នោះ លោក អភិបាលខេត្ត ក៏បានផ្តាំផ្ញើ ដល់អាជ្ញាធរមានសមត្ថកិច្ច និងគ្រប់សាសនា ត្រូវយកចិត្តទុកដាក់លើមុខសញ្ញា ដែលមានការពាក់ព័ន្ធជាមួយជនជាតិ ម៉ាឡេស៊ី ចំនួន ០៧នាក់ ដែលបានរកឃើញមានផ្ទុក ជម្ងឺ កូវីដ១៩ នៅក្នុងឃុំ រការគយ ឃុំ អង្គរបាន និងឃុំ ពាមជីកង នៃស្រុកកងមាសនោះផងដែរ៕ ដោយ ប៉ែន សុផល