ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ អញ្ជើញជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តប្រមាណជា ៣០០នាក់ មុននឹងពួកគេចេញបេសកកម្មជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ (COVID-19)។
ជំនួបរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៅថ្ងៃនេះ គឺជាការផ្តល់ដំបូន្មាន និងកម្លាំងចិត្តដល់ក្រុមគ្រូពេទ្យ ដែលបានស្ម័គ្រចិត្តធ្វើដំណើរចាកចេញពីក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ ប្រឈមនឹងជំងឺគេខ្លាចរអា ដើម្បីសង្គ្រោះជីវិតមនុស្ស។
សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ មានរាជធានី-ខេត្ត ចំនួន១៣ របស់ប្រទេសកម្ពុជា បានរងការរាតត្បាតដោយជំងឺកូវីដ១៩ ហើយមនុស្សសរុប៩១នាក់ ស្រី២៤នាក់ ប្រុស៦៧នាក់ បានឆ្លងមេរោគនេះ។ អ្នកឆ្លងនេះរួមមាន ៖ ជនជាតិចិន ១នាក់, អង់គ្លេស ៥នាក់, អាមេរិកាំង២នាក់ កាណាដា ១នាក់, ប៊ែលហ្សិក ១នាក់, បារាំង ៣៤នាក់ មានទារកអាយុ៤ខែ១នាក់, ម៉ាឡេស៊ី ១២នាក់ និងខ្មែរ ៣៥នាក់។ ក្នុងចំណោមអ្នកឆ្លង ៩១នាក់នេះ បានព្យាបាលឱ្យជាសះស្បើយចំនួន៦នាក់ រួមមានបុរសជនជាតិចិន និងស្ត្រីជនជាតិអង់គ្លេស ព្រមទំាំងជនជាតិខ្មែរ៤នាក់៕