ថៃ ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃបាននិយាយកាលពីថ្ងៃពុធថា ពលករចំណាកស្រុកប្រហែល ៦០,០០០ នាក់ដែលកំពុងរស់នៅក្នុងប្រទេសថៃបានភៀសខ្លួនចេញពីប្រទេស ចាប់តាំងពីអាជ្ញាធរបានបិទផ្សារ និងអាជីវកម្មជាច្រើនកាលពីចុងសប្តាហ៍ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណា ។
វិធានការណ៍ចុងក្រោយរបស់ប្រទេសថៃបានធ្វើឲ្យមនុស្សជាច្រើនគ្មានការងារធ្វើ និងជំរុញឲ្យមានការជម្លៀសយ៉ាងច្រើននៃពលករចំណាកស្រុកប្រមាណ ៤ ឬ ៥ លាននាក់របស់ប្រទេសនេះភាគច្រើនមកពីប្រទេសឡាវ មីយ៉ាន់ម៉ា និងប្រទេសកម្ពុជា ។
ប្រទេសថៃបានបិទព្រំប្រទល់ដីរបស់ខ្លួន ហើយបានប្រាប់ប្រជាជនឲ្យស្នាក់នៅក្នុងផ្ទះ និងបានបិទអាជីវកម្មភាគច្រើនក្នុងកិច្ចប្រឹងប្រែងដើម្បីទប់ស្កាត់វីរុសនេះ ហើយលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ត្រូវបានកំណត់ឲ្យប្រើអំណាចប្រកាសប្រទេសក្នុងភាពអាសន្ននៅថ្ងៃព្រហស្បតិ៍ ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃបានប្រាប់រ៉យទ័រថា ពលករចំណាកស្រុកប្រមាណ ៦០,០០០ នាក់មកពីប្រទេសឡាវ កម្ពុជា និងមីយ៉ាន់ម៉ាបានវិលត្រឡប់ទៅផ្ទះវិញ ហើយគិតត្រឹមថ្ងៃអង្គារ ខណៈដែលប្រទេសថៃបានរាយការណ៍ពីករណីវីរុសចំនួន ៩៣៤ ករណីដែលជាចំនួនខ្ពស់បំផុតទី ២ នៅអាស៊ីអាគ្នេយ៍ ។
ហ្វូងមនុស្សយ៉ាងច្រើនបានប្រមូលផ្តុំគ្នានៅព្រំដែនមីយ៉ាន់ម៉ាដោយកាន់វ៉ាលី និងស្ពាយឥវ៉ាន់នៅលើខ្នងរបស់ពួកគេចំពេលមានភាពវឹកវរមួយចំនួន ខណៈដែលហ្វូងមនុស្សបានប្រញាប់ប្រញាលទៅកាន់ខ្លោងទ្វារព្រំដែន ។
លោក Ye Min មកពីគណៈកម្មាធិការសម្ព័ន្ធភាពជំនួយក្នុងប្រទេសថៃបាននិយាយថា “អាជ្ញាធររដ្ឋកំពុងរៀបចំបញ្ជូនពលករទាំងនោះទៅរដ្ឋ និងតំបន់របស់ពួកគេវិញតាមរថយន្ត ប៉ុន្តែអ្នកខ្លះមិនអាចរង់ចាំ និងព្យាយាមឆ្លងកាត់តាមផ្លូវនោះ” ។ លោកបាននិយាយថា មានមនុស្សប្រមាណ ៣ ម៉ឺននាក់បានឆ្លងកាត់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះតាមរយៈច្រកជាច្រើន ។
ដោយដកស្រង់កំណត់ត្រាផ្លូវការសមាជិកសភានៅប្រទេសមីយ៉ាន់ម៉ាលោ Thant Zin Aung បាននិយាយថា ចំនួនអ្នកដែលបានឆ្លងកាត់ច្រកតែមួយគឺមានចំនួន ១៨,០០០ នាក់ដោយមានចំនួនប្រហាក់ប្រហែលនឹងច្រក ៣ ផ្សេងទៀត ។
ប្រទេសមីយ៉ាន់ម៉ាបានរាយការណ៍ពីករណីទី ៣ នៃការឆ្លងវីរុសនេះនៅព្រឹកថ្ងៃពុធទៅលើបុរសអាយុ ២៦ ឆ្នាំម្នាក់ដែលបានហោះពីចក្រភពអង់គ្លេសតាមរយៈទីក្រុងបាងកក ។ ពលករដែលត្រូវបានបញ្ជូនត្រឡប់មកវិញត្រូវទទួលការត្រួតពិនិត្យសុខភាព ហើយត្រូវបានបញ្ជាឲ្យរស់នៅផ្តាច់ខ្លួននៅតាមភូមិទូទាំងប្រទេសរយៈពេល ១៤ ថ្ងៃ ។
យោងតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្សចំនួន ១១ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយមានអាការៈគ្រុនក្តៅខ្លាំង ហើយពលករមួយចំនួនធំក៏បានឆ្លងចូលប្រទេសកម្ពុជា និងឡាវផងដែរ ៕