កាប៊ុល ៖ មនុស្សយ៉ាងតិច ២៥ នាក់ត្រូវបានសម្លាប់កាលពីថ្ងៃពុធ បន្ទាប់ពីខ្មាន់កាំភ្លើង និងជនបំផ្ទុះគ្រាប់បែកអត្តឃាតមួយចំនួន បានបើកការវាយប្រហារទៅលើព្រះវិហារសាសនា Sikh-Hindu ដែលមានប្រភពពីឥណ្ឌាស្ថិតនៅក្នុងរដ្ឋធានីកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាន ពេលអ្នកគោរពបូជាកំពុងធ្វើការអធិស្ឋានពេលព្រឹក។ នេះបើយោងតាមប្រភពពី CGTN។
យោងតាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថាបុរសម្នាក់នៅក្នុងឯកសណ្ឋានប៉ូលីសបានបើកការវាយប្រហារនៅចំកណ្តាលព្រះវិហារនៅកណ្តាលទីក្រុងកាប៊ុលបានបាញ់អ្នកយាមម្នាក់ មុនពេលចាប់ផ្តើមវាយប្រហារលើអ្នកគោរពបូជានៅសាលនា។ ហើយបន្ទាប់មកកងកម្លាំងសន្តិសុខ ក៏បានបាញ់សម្លាប់ ភេរវករទាំងអស់ ចោលនៅហ្នឹងកន្លែងតែម្តង។
ក្រោយការវាយប្រហារនេះភ្លាមៗកាលពីថ្ងៃពុធសប្តាហ៍នេះ ក្រុមភេរវករ ISIS បានចេញមុខអះអាងថា ជាទង្វើរបស់ក្រុមខ្លួន។ ISIS បានចេញសេចក្តីថ្លែងការណ៍ទៀតថា ទង្វើរបស់ពួកគេពេលនេះ គឺជាការសងសឹកចំពោះអាជ្ញាធរឥណ្ឌា ដែលបានធ្វើទុកបុកម្នេញទៅលើជនជាតិម៉ូស្លីម នៅក្នុងផ្នែកមួយនៃតំបន់កាស្មៀរ ហើយ ISIS ក៏ព្រមានធ្វើការវាយប្រហារបែបនេះបន្ថែមទៀតដែរ៕