វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Mark Esper បានចេញបទបញ្ជាឲ្យយោធាអាមេរិកទាំងអស់ផ្អាកធ្វើដំណើរទៅបរទេសរហូតដល់៦០ថ្ងៃក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយទប់ស្កាតការរីករាលដាលនៃមេរោគឆ្លងកូរ៉ូណា។ នេះបើយោងតាមប្រភពពី CNA ។
នៅក្នុងបទសម្ភាសន៍មួយលោក Mark Esper បាននិយាយថាបទបញ្ជានេះត្រូវបានអនុវត្តទៅលើកងកម្លាំងសហរដ្ឋអាមេរិកបុគ្គលិកស៊ីវិលនិងក្រុមគ្រួសាររបស់សហរដ្ឋអាមេរិកទាំងអស់ប៉ុន្តែបានកត់សម្គាល់ថានឹងមានករណីលើកលែងមួយចំនួន។
លោក Mark Esper បានបញ្ជាក់ថា «គោលបំណងរបស់វិធានការដែលបានដាក់ចេញនេះ គឺដើម្បីធានាឲ្យប្រាកដថា យើងមិននាំវីរុសត្រឡប់ផ្ទះមកចម្លងដល់អ្នកដទៃទេ ដែលនេះមានន័យថា យើងមិនបានធ្វើឲ្យវារីករាលដាលក្នុងចំណោមរបស់យោធាយើងទេ»។
លោកបានបន្ថែមៀតថា រហូតមកដល់ពេលនេះវិធានការនេះគឺមានឥទ្ធិពលបំផុតហើយវានឹងជះឥទ្ធិពលដល់កម្លាំងនៅជុំវិញពិភពលោក។ សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានប្តេជ្ញាចិត្តក្នុងការកាត់បន្ថយចំនួនកងទ័ពរបស់ខ្លួននៅក្នុងប្រទេសអាហ្វហ្គានីស្ថានមកនៅត្រឹម ៨.៦០០ នាក់ក្នុងរយៈពេល ១៣៥ ថ្ងៃនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយពួកតាលីបង់កាលពីខែមុន។
សូមជម្រាបថា បច្ចុប្បន្ននេះសហរដ្ឋអាមេរិក បានកត់ត្រាអ្នកឆ្លងសរុបនៃជំងឺ COVID-19 រហូតដល់ ៦៦,០៤៨ករណី ក្នុងនោះ ៩៤៤នាក់ស្លាប់បាត់បង់ជីវិត ហើយ ៣៩៤នាក់ផ្សេងទៀតបានជាសះស្បើយឡើងវិញ៕