ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ត្រីកសិកម្មកម្ពុជា អះអាងថា ស្បៀងអាហាររបស់កម្ពុជា មានស្ថិរភាពល្អ អាចបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋបានទោះមានវិបត្តិនៃជំងឺកូវីដ១៩ក៏ដោយ។
កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ លោក វេង សាខុន បានបញ្ជាក់ថា ការដែលលោកហ៊ានអះអាងបែបនេះ ដោយសារតែបច្ចុប្បន្នស្រូវអង្កររបស់កម្ពុជា មានបម្រុងទុកច្រើន ហើយការចិញ្ចឹមសត្វ (ជ្រូក គោ មាន់ ទារ) ចិញ្ចឹមត្រី និងការដាំដុះបន្លែបង្ការ មានដំណើរការជាធម្មតាគ្មានអ្វីប៉ះពាល់នោះឡើយ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា «ចំពោះបញ្ហាសន្តិសុខស្បៀងសម្រាប់កម្ពុជា ខ្ញុំគិតថា មិនមានបញ្ហាអ្វី ដែលកើតឡើងទេ ព្រោះស្រូវយើងមាននៅសល់ច្រើន ការចិញ្ចឹមជ្រូករបស់យើងក៏អាចផ្គត់ផ្គង់ទីផ្សាររហូតដល់៨០ភាគរយ ហើយការចិញ្ចឹមត្រីរបស់យើងក៏ដំណើរការធម្មតា ការដាំដុះបន្លែបង្ការរបស់កសិករក៏ដំណើរការធម្មតា និយាយរួមវិស័យកសិកម្មរបស់កម្ពុជា នៅដំណើរការធម្មតា»។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានលើកយកនូវសមិទ្ធផលមួយចំនួន ក្នុងការថែរក្សាសន្តិសុខស្បៀង ដែលសម្រេចដោយក្រសួងកសិកម្ម ក្នុងឆ្នាំ២០១៩មានដូចជា ការងារបង្កបង្កើនផលស្រូវ នៅទូទាំងប្រទេសសម្រេចបានលើផ្ទៃដីចំនួន ៣.៣៣លានហិកតា។ ទិន្នផលស្រូវគិតជាមធ្យមទាំងប្រាំង និងវស្សាសម្រេចបាន ៣.៣៣តោនក្នុង១ហិកតា ដែលមានបរិមាណផលស្រូវសរុបទទួលបានជាង១០.៨៨លានតោន មានអតិរេកស្រូវ (ស្រូវលើស) ចំនួនជាង៥.៧៦លានតោនគិតជាអង្ករស្មើនឹង ៣.៦៩លានតោន។
ដោយឡែកសម្រាប់ផលិតកម្មដំណាំរួមផ្សំ និងឧស្សាហកម្មរយៈពេលខ្លី ទទួលបានបរិមាណផលប្រមាណជាង ១៦លានតោននៅឆ្នាំ២០១៩។ ការនាំចេញផលិតផលកសិកម្មសរុប សម្រេចបានប្រមាណ ៧លានតោន ដែលក្នុងនេះការនាំចេញផ្លូវការមានចំនួន ៤.៨៧លានតោន កើនលើសឆ្នាំមុនជាង១៣% ដែលក្នុងនោះការនាំចេញផ្លែចេក ម្សៅដំឡូងមី គ្រាប់ស្វាយចន្ទី ពោត កៅស៊ូ ស្ករអំពៅ ប្រេងដូងឆៅ បានកើនឡើងគួរឲ្យកត់សម្គាល់។ បរិមាណអង្ករនាំចេញផ្លូវការមានចំនួន ៦២០ពាន់តោនក្នុងឆ្នាំ២០១៩ ធៀបនឹងឆ្នាំ២០១៨ នាំចេញបាន ៦២៦ពាន់តោន។
តាមការស្រាវជ្រាវបានបង្ហាញថា ក្នុងឆ្នាំ២០១៩នេះ ការនាំចេញស្រូវក្រៅផ្លូវការមានចំនួនជាង២លានតោន តាមច្រកសំខាន់ៗក្នុងខេត្តជាប់ព្រំដែន ប្រទេសវៀតណាម។ ពាក់ព័ន្ធការការចិញ្ចឹមសត្វវិញ លោករដ្ឋមន្ត្រីបញ្ជាក់ថា ក្រសួងក៏បានជំរុញការចិញ្ចឹមសត្វជាលក្ខណៈទំនើប ការផលិតចំណីសត្វក្នុងទ្រង់ទ្រាយមធ្យម និងធំ ដើម្បីគាំទ្រដល់ចលនាចិញ្ចឹមសត្វ រួមជាមួយនឹងការលើកកម្ពស់ប្រព័ន្ធផ្តល់សេវាបច្ចេកទេស កែលម្អពូជសត្វ ការកែច្នៃផលិតផលបសុសត្វ ការបង្កើតសត្តឃាតដ្ឋានទំនើប ព្រមទាំងការសម្រួលពាណិជ្ជ-កម្មសត្វ និងផលិតផលសត្វ។
ជាការកត់សម្គាល់កន្លងមក ការចិញ្ចឹមសត្វតាមប្រពៃណីត្រូវបានផ្លាស់ប្តូរបន្តិចម្តងៗ ដោយបានប្តូរទិសដៅផលិតកម្មសម្រាប់តែតម្រូវការក្នុងគ្រួសារ ទៅជាការចិញ្ចឹមសម្រាប់ធ្វើពាណិជ្ជកម្មវិញ។ ការផ្លាស់ប្តូរបែបផែនផលិតកម្មនេះបានកើនឡើងជាលំដាប់ ជាក់ស្តែងក្នុងឆ្នាំ២០១៩នេះ ផលិតកម្មសត្វសម្រេចបានចំនួន៤៥.៨ លានក្បាល កើនឡើង៣.៣% ធៀបនឹងឆ្នាំ២០១៨។ ការចិញ្ចឹមសត្វជាលក្ខណៈពាណិជ្ជកម្ម មានបានកើន៣៧% ធៀបនឹងឆ្នាំ២០១៨។ ការផលិតនិងផ្គត់ផ្គង់សាច់ មានការកើនឡើងជារៀងរាល់ឆ្នាំ ពោលគឺបានកើនពី ២០៩ពាន់តោននៅឆ្នាំ២០១៥ ដល់២៣៩ពាន់តោននៅក្នុងឆ្នាំ២០១៩។
សម្រាប់ការវិស័យជលផលវិញ ក្នុងឆ្នាំ២០១៩ ផលចាប់ពីធម្មជាតិ និងផលវារីវប្បកម្មសម្រេចបានចំនួនជាង ៩០៨ពាន់តោន ក្នុងនោះ ផលនេសាទទឹកសាបសម្រេចបាន ៤៧៩ពាន់តោន, ផលនេសាទសមុទ្រ ១២២ពាន់តោន និងផលវារីវប្បកម្ម (ការចិញ្ចឹមត្រី) សម្រេចបានចំនួន ៣០៧ពាន់តោន កើនឡើង ២១% ធៀបនឹងឆ្នាំ២០១៨ ៕