ភ្នំពេញ ៖ ក្រសួងទេសចរណ៍ប្រកាសដាក់ឲ្យប្រើប្រាស់ជាកាតព្វកិច្ចនូវ«ប្រព័ន្ធចុះបញ្ជីស្នាក់នៅទេសចរណ៍» តាមរយៈគេហទំព័រ www.accomodationregigstrar.net ចំពោះម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ទាំងអស់ ដើម្បីឆ្លើយតបភ្លាមៗទៅនឹងសភាពការណ៍បច្ចុប្បន្ន នៃការរីករាលដាលចម្លងវីរុសរលាកសួតប្រភេទថ្មី កូវីដ១៩។
ក្នុងសេចក្តីប្រកាសនេះ បានកំហិតឲ្យគ្រប់ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ទាំងអស់ ត្រូវភ្ជាប់ប្រើប្រាស់ប្រព័ន្ធព័ត៌មានអនឡាញ ដើម្បីបញ្ចូលព័ត៌មានរបស់ភ្ញៀវ ក្នុងពេលស្នាក់នៅក្នុងមូលដ្ឋានអាជីវកម្មទេសចរណ៍របស់ខ្លួន។
លោក ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍បានឱ្យដឹងថា ៖ “ការគ្រប់គ្រងបញ្ជីស្នាក់នៅទេសចរណ៍” តាមអនឡាញ នេះ ផ្តល់ភាពងាយស្រួលដល់ក្រសួងទេសចរណ៍ អាចសហការផ្តល់ព័ត៌មានជូនអាជ្ញាធរមានសមត្ថកិច្ច ក្នុងការត្រួតពិនិត្យ ឬតាមដានវត្តមានភ្ញៀវជាតិ និងអន្តរជាតិ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល់នៃវីរុស កូវីដ១៩៕