កម្ពុជា អនុញ្ញាតឱ្យយន្តហោះម៉ាឡេស៊ី ចុះចតដឹកពលរដ្ឋខ្លួនចំនួន១១១នាក់ ចេញពីកម្ពុជា
ភ្នំពេញ ៖ កម្ពុជា បានអនុញ្ញាតឱ្យអាជ្ញាធរម៉ាឡេស៊ី បញ្ជូនយន្តហោះពិសេសមួយគ្រឿងមកដឹកពលរដ្ឋរបស់ខ្លួនចំនួន ១១១នាក់ ដែលកំពុងជាប់នៅក្នុងប្រទេសកម្ពុជា ព្រោះគ្មានជើងហោះ ហើរ។ នេះបើតាមទំព័រ Facebook របស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នេះ។
តាមរយៈការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Hishammudin Hussein ឯ.ឧ. ប្រាក់ សុខុន ក៏បានស្នើសុំម៉ាឡេស៊ី ឱ្យជួយដឹកពលរដ្ឋកម្ពុជា ចំនួន ៦នាក់ត្រឡប់មកពីប្រទេសម៉ាឡេស៊ី វិញ តាមយន្តហោះពិសេសដដែលនេះផងដែរ។
សូមបញ្ជាក់ថា តាមរបាយការណ៍បានបង្ហាញថា ប្រទេសម៉ាឡេស៊ី កើតមានជំងឺកូវីដ១៩ ជិត ២ពាន់ករណី និងមានមនុស្សប្រមាណ ២០នាក់បានស្លាប់ ដោយសារតែការរីករាលដាលនៃជំងឺនេះ ប្រទេសម៉ាឡេស៊ី បានសម្រេចបិទជើងហោះហើរពីគ្រប់ប្រទេសទាំងអស់ ទើបនាំឱ្យពលរដ្ឋម៉ាឡេស៊ីមួយចំនួន ត្រូវជាប់នៅក្នុងប្រទេសកម្ពុជា៕