បាងកក ៖ អ្នកទោសក្នុងពន្ធនាគារមួយនៅប្រទេសថៃបានផ្ទុះកុបកម្មកាលពីថ្ងៃអាទិត្យម្សិលមិញ ដោយសារតែអ្នកទោសភ័យខ្លាចពីការឆ្លងរាលដាលនៃជងឺ COVID-19 ខណៈមានអ្នកទោសមួយចំនួនបានរត់គេចខ្លួនក្នុងអំឡុងពេលកុបកម្មកើតឡើងផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារបរទេស Reuters។
លោក សំសាក់ ថេបស៊ូទីន (Somsak Thepsutin) រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ បានគូសបញ្ជាក់ថា ការតវ៉ាបានចាប់ផ្តើមនៅម៉ោងខ្ទង់១១ និង៤៥ នាទីព្រឹកថ្ងៃអាទិត្យ នៅក្នុងសាលអាហារ ខណៈពេលដែលអ្នកយាមកំពុងជាប់រវល់ជួសជុលបន្ទប់ សម្រាប់ដាក់អ្នកទោសដែលមានជំងឺឆ្លងមួយចំនួនដូចជាជំងឺផ្តាសាយជាដើម។ ប៉ុន្តែនោះមិនមែនជាជំងឺកូវីដ១៩ ទេ។
លោក សំ សាក់ថេបស៊ូទីន បានបញ្ជាក់បន្ថែមថា មានអ្នកទោសប្រមាណ ១០០ នាក់ បានដុតបំផ្លាញសាលអាហារ និងបានវាយកម្ទេចបន្ទប់ទទួលសាច់ញាតិ ដែលមកសួរសុខខទុក្ខអ្នកទោស។ ភ្លាមៗនោះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃជាច្រើន បានបង្ហាញពីវីដេអូនៃហេតុការណ៍ខាងលើ៕