ភ្នំពេញ ៖ គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នាព្រឹកថ្ងៃពុធទី១ ខែមេសា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំ ពិនិត្យ និងពិភាក្សា លើរបៀបវារៈសំខាន់ចំនួន៣ ដែលរាជរដ្ឋាភិបាលបានស្នើសុំ ដើម្បីឱ្យច្បាប់នោះឆាប់បានចូលជាធរមាន សម្រាប់យកទៅអនុវត្តធ្វើឱ្យកាន់ប្រសើរឡើងថែមទៀត ជាប្រយោជន៍ដល់សង្គមជាតិ និងឆ្លើយតបតាមតម្រូវការរបស់ប្រជាជន។ជាមួយគ្នានេះ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ក៏បានកំណត់យកថ្ងៃព្រហស្បតិ៍ទី២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង០៨:០០នាទីព្រឹក ដើម្បីប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ ។
បើតាមប្រសាសន៍ លោក ម៉ម ប៊ុននាង អ្នកនាំពាក្សព្រឹទ្ធសភាបានថ្លែងនៅក្រោយកិច្ចប្រជុំគណៈកម្មការអចិន្រ្តៃយ៍នោះថា របៀបវារៈទាំងនោះមាន ១-ពិនិត្យនិងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុ រ៉ូយាល់ គ្រុប អ៊ិន-វេសម៉ិន គ្រុប ឯ.ក សម្រាប់គម្រោងវិនិយោគសាងសង់ រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព៧០០មេហ្គាវ៉ាត ខេត្តកោះកុង ។ ២-ពិនិត្យនិងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ហាន សេង ខូល ម៉ាញ សម្រាប់គម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អនុភាព២៦៥មេហ្គាវ៉ាត នៅខេត្តឧត្តរមានជ័យ និង ៣-ពិនិត្យនិងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ហាន សេង ខូល ម៉ាញសម្រាប់គម្រោងវិនិយោគសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនី តង់ស្យុង២៣០គីឡូវ៉ុលតភ្ជាប់ពីរោងចក្រអគ្គិសនីដុតធ្យូងថ្ម ខេត្តឧត្តរមានជ័យ មកអនុស្ថានីយសៀមរាបខាងកើត៕