អាជ្ញាធរខេត្តក្រចេះ ប្រកាសជួយដឹកជញ្ជូនពលករខ្មែរដែលចេញពីប្រទេសថៃ ត្រឡប់ទៅផ្ទះវិញ
ខេត្តក្រចេះ ៖ ថ្លែងក្នុងកិច្ចប្រជុំពិសេសមួយ លោក ប៉ែន លីណាត អភិបាលរងខេត្តក្រចេះ បានណែនាំឱ្យត្រៀមលក្ខណៈក្នុងការទំនាក់ទំនងជាមួយអាជ្ញាធរបណ្តាខេត្តដែលជាព្រំប្រទល់ប្រទេសថៃ ដើម្បីស្រង់នូវស្ថិតិ និងជួយដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តក្រចេះ ដែលជាពលករទៅធ្វើការនៅប្រទេសថៃមកខេត្ត វិញ។
លោកអភិបាលរងខេត្ត បានឲ្យដឹងថា គិតមកទល់ពេលនេះ មានបងប្អូនពលករវិលចូលស្រុកចំនួន ២៥៦នាក់ ហើយអាជ្ញាធរមូលដ្ឋានបានដាក់ពួកគាត់ឲ្យរស់នៅដាច់ដោយឡែកពីគេរយ:ពេល១៤ថ្ងៃ និងបានតាមដានសុខភាពជាប្រចាំ។
លោកក៏បានស្នើឱ្យអាជ្ញាធរស្រុក-ក្រុងទាំង៦ នៃខេត្តក្រចេះ បន្តស្វែងរកបន្ថែម ដោយធ្វើការតាមដានត្រួតពិនិត្យពីស្ថានភាពសុខភាព និងត្រៀមបញ្ចេញមធ្យោបាយដឹកជញ្ជូនពួកគាត់វិលចូលស្រុកវិញ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ៕