ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ការលើកទឹកចិត្តដល់ការវិនិយោគ និងបានខិតខំបង្កបរិយាកាសឱ្យអ្នកវិនិយោគមានភាពជឿជាក់ក្នុងការដាក់ទុនវិនិយោគនៅកម្ពុជា។
ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះវិនិយោគិនទាំងអស់ ខណៈដែលកម្ពុជាកំពុងចាត់វិធានការធ្វើកំណែទម្រង់,ពង្រីក ទីផ្សារ, ជំរុញវិមាត្រសេដ្ឋកិច្ច និងគាំទ្រការប្រកួតប្រជែងក្នុងក្របខ័ណ្ឌទីផ្សារសេរីប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌។
នេះជាអ្វីដែលឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកអគ្គ បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជម្រាបជូនលោក Dmitry Tsvetkov ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំកម្ពុជាដែលត្រូវបញ្ចប់បេសកកម្មការទូត នាជំនួបកាលពីម្សិលមិញ។
ក្នុងជំនួបនេះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះប្រជាជន និងរដ្ឋាភិបាលសហព័ន្ធរុស្ស៊ី ដែលបានចូលរួមចំណែកយ៉ាងសកម្ម ដល់ការកសាងសន្តិភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាតាំងពីបាតដៃទទេ រហូតមកដល់បច្ចុប្បន្ន នេះ ។ លោកថា សមិទ្ធិផលប្រកបដោយផ្លែផ្កានៃការអភិវឌ្ឍដែលកម្ពុជាទទួលបាន មិនអាចកាត់ផ្តាច់
ពីការគាំទ្ររបស់រដ្ឋាភិបាលរុស្ស៊ី និងដៃគូអភិវឌ្ឍន៍នានាសោះហើយ។ ជាក់ស្តែង ក្នុងអាណត្តិការទូតរបស់ ឯកឧត្តម Dmitry Tsvetkov នៅកម្ពុជា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា និងរុស្ស៊ី ត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ ហើយបាននាំមកនូវលទ្ធផលដ៏ត្រចះត្រចង់ ជា ពិសេសកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច,ពាណិជ្ជកម្ម, វិនិយោគ និងការអភិវឌ្ឍធនធានមនុស្ស។
នៅក្នុងជំនួបនោះដែរ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីឥទ្ធិពលនៃការរាតត្បាតនៃជម្ងឺកូវីត១៩ ដែលបានធ្វើឲ្យមានផលប៉ះពាល់អវិជ្ជមានដល់សេដ្ឋកិច្ចនៃបណ្តាប្រទេសនានាលើសកលលោក និង សេណារីយ៉ូមួយចំនួនសម្រាប់ដោះស្រាយ និងទប់ស្កាត់ចំពោះផលប៉ះពាល់មកលើសេដ្ឋកិច្ចកម្ពុជា៕