ធនាគារពិភពលោក អនុម័តឥណទាន២០លានដុល្លារសម្រាប់គម្រោងឆ្លើយតបនឹងការរាលដាលនៃជំងឺកូវីដ-១៩នៅកម្ពុជា
ភ្នំពេញ ៖ ធនាគារពិភពលោក បានអនុម័តលើឥណទានទឹកប្រាក់២០លានដុល្លារអាមេរិក របស់សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់គម្រោង ឆ្លើយតបជាបន្ទាន់ទៅនឹងជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា ដែលឥណទាននេះជាលើកដំបូងហើយ នៅក្នុងកញ្ចប់ថវិកាប្រតិបត្តិការ សម្រាប់ជួយក្នុងសភាពការបន្ទាន់ តាមរយៈយន្តការសេវារហ័ស ក្នុងពេលមានការរាលដាល កូវីឌ១៩។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោកដែលទទួលបាននៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ។
គម្រោងនេះ នឹងផ្តល់ហិរញ្ញវត្ថុសម្រាប់ការសាងសង់មណ្ឌល ដាក់អ្នកជំងឺឲ្យនៅដាច់ដោយឡែក និងព្យាបាលអ្នកជំងឺ ហើយវានឹងជួយបង្កើនសមត្ថភាពវិភាគរោគសញ្ញា នៅតាមមន្ទីរពិសោធន៍របស់មន្ទីរពេទ្យបង្អែក នៅទូទាំង២៥ខេត្ត-ក្រុង។ លើសពីនេះ គម្រោងក៏នឹងជួយទៅលើការចំណាយ ក្នុងការជាវការផ្គត់ផ្គង់សម្ភារៈបរិក្ខារពេទ្យ ដែលចាំបាច់សម្រាប់ យកមកព្យាបាលអ្នកជំងឺ និងទប់ស្កាត់ការរាលដាលនៃការឆ្លងមេរោគ៕