ភ្នំពេញ៖ ជំងឺ «ពិសធ្យូង» បានស៊ីអស់ សាច់ជើងឆ្វេងម្ខាងរបស់ស្ត្រីម្នាក់នៅ សល់តែឆ្អឹងក្នុងរយៈពេលតែ២ខែប៉ុណ្ណោះមិនព្យាបាលឲ្យជាសះស្បើយបានឡើយ ដែលតម្រូវឲ្យក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែតសម្រេចធ្វើការវះកាត់ដើម្បីសង្គ្រោះជីវិត។
សាច់ញាតិស្ត្រីរងគ្រោះបានឲ្យដឹងថា អ្នកជំងឺត្រូវបានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា រៀបចំចាត់ចែងឲ្យក្រុមគ្រូពេទ្យ និងអាជ្ញាធរខេត្តត្បូងឃ្មុំ បញ្ជូនមកកាន់មន្ទីរពេទ្យកាល់ម៉ែត ហើយរាល់ការចំណាយទាំងអស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាអ្នកទទួលខុសត្រូវ ។
ប្រភពព័ត៌មានបានរាយការណ៍ថា ស្ត្រីកើតជំងឺ ពិសធ្យូង ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលម៉ែតនេះ មានឈ្មោះ ស្រេង ស្រីអាង អាយុ៤០ឆ្នាំ មានស្វាមីឈ្មោះ សុខ ស្រ៊ៀង មានកូនពីរនាក់ក្នុងបន្ទុក មានមុខរបរជាកម្មករសំណង់ រស់នៅភូមិកំរ៉ែង ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ប្រភពបន្តថា ស្ត្រីកើតជំងឺ ពិសធ្យូង ត្រូវបានក្រុមគ្រូពេទ្យជំនាញៗ ធ្វើការវះកាត់ទទួលបានដោយជោគជ័យហើយ កាលពីយប់មិញ ។ហើយនៅ ក្នុងពេលនេះ អ្នកជំងឺរូបនេះ បាននិងកំពុងសម្រាកព្យាបាលនៅជាន់ទី៤ បន្ទប់លេខ ០៨៦០ គ្រែ A ផ្នែកអគារវះកាត់ «ខ» នៅមន្ទីរពេទ្យកាល់ម៉ែត ។
នៅថ្ងៃអាទិត្យនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា នឹងចាត់ឲ្យមន្ត្រីខុទ្ទកាល័យយកអំណោយជូនដល់ស្ត្រីរងគ្រោះដល់មន្ទីរកាល់ម៉ែតផងដែរ ៕
ស្រ្តីដែលកើតជំងឺ ពិសធ្យួង មុនពេលវះកាត់