ថៃរកឃើញអ្នកឆ្លង COVID-19 ថ្មី៥១នាក់ទៀត សរុបកើនដល់២,២២០នាក់
បាងកក ៖ ក្រសួងសុខាភិបាលថៃនារសៀលថ្ងៃចន្ទនេះ បានប្រកាសពីការរកឃើញករណីឆ្លង COVID-19 ចំនួន៥១ករណីថែមទៀត ធ្វើឲ្យករណីឆ្លងសរុបនៅក្នុងប្រទេសអាស៊ានមួយនេះបានកើនដល់២,២២០នាក់ និងស្លាប់៣នាក់ទៀត សរុបឡើងដល់២៦នាក់។ នេះបើតាមសារព័ត៌មាន CNN ។
ក្នុងអ្នកឆ្លង៥១នាក់ខាងលើ រួមមានទាំងអ្នកពាក់ព័ន្ធនឹងអ្នកឆ្លងករណីមុនៗ បុគ្គលិកមន្ទីរពេទ្យ អ្នកត្រឡប់មកពីក្រៅស្រុក និងជនបរទេសជាដើម។ សម្រាប់អ្នកជំងឺដែលបានបាត់បង់ជីវិត គឺសុទ្ធតែជាជនជាតិថៃ ក្នុងនោះម្នាក់ជាបុរសអាយុត្រឹម២៨ឆ្នាំ ម្នាក់ទៀតជាបុរសអាយុ៥១ ឆ្នាំ និងម្នាក់ចុងក្រោយជាស្រ្តីអាយុ៥៩ឆ្នាំ។
បើតាមតួលេខឆ្លងខាងលើនេះ គឺជាការធ្លាក់ចុះពាក់កណ្តាលធៀបនឹងចំនួន១០២ករណីថ្មី ដែលត្រូវបានប្រកាសរកឃើញកាល ពីថ្ងៃអាទិត្យកន្លងទៅ។ សម្រាប់ករណីឆ្លងសរុបនៅក្នុងប្រទេសថៃ គឺបានកើនដល់២,២២០នាក់ ក្នុងនោះស្លាប់២៦នាក់ និងជាសះស្បើយ ៧៩៣នាក់៕