ភ្នំពេញ ៖ មន្រ្តីសាខា ក.ប.ប រាជធានីភ្នំពេញ សហការពីមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត និងព្រះរាជអាជ្ញារងរាជ ធានីភ្នំពេញ បានបន្តយុទ្ធនាការចុះត្រួតពិនិត្យ អាល់កុល ជែលលាងដៃក្លែងក្លាយ ម៉ាស់មានតម្លៃខ្ពស់ និងស្វែងរកឧបករណ៌សម្រាប់ធ្វើតេស្តកូវីដ-១៩ ជាលទ្ធផល មន្រ្តីជំនាញ បានរកឃើញអាល់កុលក្លែងក្លាយ (មេតាណុល) និងជែលលាងដៃ រួមទាំងសម្ភារៈផ្សេងទៀតដែលមិនមានលិខិតអនុញ្ញាត ទម្ងន់សរុបចំនួន ៣ តោន និងដកហូតមករក្សាទុក ដើម្បីអនុវត្តនីតិវិធីបន្ត។ ការចុះត្រួតពិនិត្យនេះ ធ្វើឡើងកាលពីថ្ងៃទី ៦ ខែមេសា ឆ្នាំ២០២០។
គោលបំណងនៃការចុះប្រតិបត្តិការ គឺដោយសង្កេតឃើញថា ក្នុងពេលថ្មីៗ នេះ មានម្ចាស់ឱសថស្ថាន ឬអាជីវករមួយចំនួន ឆ្លៀតឱកាស ដាក់លក់អាល់កុល ជែលលាងដៃក្លែងក្លាយ ឧបករណ៌សម្រាប់ធ្វើតេស្តកូវីដ-១៩ និងគ្មានប្រភពផលិតច្បាស់លាស់ និងលក់ម៉ាស់មានតម្លៃខ្ពស់ កេង យក ផល ចំណេញហួសហេតុ មិនគិតពីផលប៉ះពាល់ដល់អ្នកប្រើប្រាស់ ស្របពេលដែលប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសលើពិភពលោកកំពុងជួបប្រទះគ្រោះនៃការរីករាលដាល នៃវីរុស COVID-19 ។
ក្នុងឱកាសនោះដែរ មន្រ្ទីជំនាញបានសំណូមពរ ដល់អាជីវករ សូមមេត្តាកុំឆ្លៀតឱកាសលក់ផលិតផលម៉ាស និងអាកុល សម្រាប់លាងសំអាតដៃ កឹបកេងយកផលចំណេញហួសហេតុ និងសូមអំពាវនាវ ដល់ប្រជាពលរដ្ឋ កុំទិញផលិតផល អាល់កុលណា ដែលគ្មានស្លាកសញ្ញា និងប្រភពច្បាស់លាស់ ដើម្បីជៀសវាងការទិញផលិតផលក្លែងក្លាយ ឬគ្មានគុណភាព យកមកប្រើប្រាស់ ដែលនាំឱ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិត៕