ក្រសួងអប់រំ និងក្រសួងព័ត៌មាន រួមគ្នារៀបចំផលិត និងផ្សព្វផ្សាយកម្មវិធីការសិក្សាពីចម្ងាយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 April, 2020 ក+ ក-

ភ្នំពេញ ៖ ក្រសួងអប់រំយុវជន និងកីឡា និងក្រសួងព័ត៌មានបានចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នា ស្ដីពីការរៀបចំផលិត និងផ្សព្វផ្សាយកម្មវិធី ការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ក្រោមវត្តមានលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ។

ក្នុងឱកាសនោះ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ដោយមើលឃើញពីការលំបាករបស់សិស្សានុសិស្សនៅតាមទីជនបទដែលគ្មានស្មាតហ្វូន សំរាប់តាមដានពីការបង្រៀនរបស់លោកគ្រូអ្នកគ្រូ ខណៈដែលក្រសួងមានកម្មវិធីបង្រៀនពីចម្ងាយ E-Learning តាមរយៈ App សំរាប់ឲ្យសិស្សរៀន ប៉ុន្តែក៏នៅតែជាកង្វល់របស់ក្រសួងសំរាប់ឲ្យសិស្សានុសិស្សនៅទីជនបទពិបាកក្នុងការរៀនផងដែរ។ ដូច្នេះ ទើបក្រសួងអប់រំយុវជន និងកីឡា សហការជាមួយក្រសួងព័ត៌មានរៀបចំកម្មវិធីនេះឡើង ដោយយើងថតទុកហើយបន្ទាប់មកនឹងផ្សព្វផ្សាយដល់សិស្ស ទស្សនាលើមុខវិជ្ជាដែលត្រូវរៀន ដោយសិស្សអាចមើលទូរទស្សន៍តាមកម្មវិធីរបស់ក្រសួង ដើម្បីផ្តល់ភាពងាយស្រួលដល់សិស្សានុសិស្សទាំងអស់ ។

លោករដ្ឋមន្រ្តីបន្តថា ការរៀបចំផលិត និងផ្សព្វផ្សាយកម្មវិធីការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកនេះ ក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រង បង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅកម្ពុជា និងក្នុងស្មារតីធានាសេវាអប់រំប្រកបដោយសមធម៌ ជាពិសេសសិស្សានុសិស្សនៅជនបទអាចទទួលបានការអប់រំប្រកបដោយគុណភាព។

ជាមួយគ្នានេះ ក្រសួងព័ត៌មានបានស្នើសុំក្រុមហ៊ុនទូរទស្សន៍ខ្សែកាប្លិ៍កម្ពុជា CCTV ១ ប៉ុស្តិ៍ ក្រុមហ៊ុនទូរទស្សន៍ខ្សែកាប្លិ៍រាជធានីភ្នំពេញ PPCTV ១ ប៉ុស្តិ៍ និងទូរទស្សន៍ខ្សែកាប្លិ៍ ១ ប៉ុស្តិ៍ ក្នុង១ខេត្ត សម្រាប់ផ្សាយកម្មវិធីរៀនសូត្រពីចម្ងាយ តាមប្រព័ន្ធទូរទស្សន៍ផ្កាយរណប “តេជោធីវី” នូវកម្មវិធី “ទទក២”។

ក្នុងពិធីនេះដែរ ក្រុមហ៊ុន ខេមបូឌានឌីធីវី ណេតវើក លីមីធីត បានប្រគល់ ឌីធីវី ចំនួន ១០ ឈុត ដល់ក្រសួងអប់រំ យុវជន និងកីឡាផងដែរ៕