ខេត្តកំពង់ចាម ៖ សភាពាណិជ្ជកម្ម មណ្ឌលខេត្តកំពង់ចាម មណ្ឌលគីរី ដឹកនាំដោយលោក ឧកញ៉ា ហួត ឈឿន នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ នេះ បាននាំយកនូវអំណោយជាអង្ករ ចំនួន៤ តោន និងទឹកស៊ីអ៊ីវ ១៦០យួរ ផ្តល់ជូនគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ ខេត្តកំពង់ចាម សម្រាប់ចាត់ចែងក្នុងយុទ្ធនាការបង្ការទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណា(កូវីដ១៩) ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ក៏ដូចជានៅក្នុងប្រទេសកម្ពុជាផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ ខេត្តកំពង់ចាម បានថ្លែងនូវអំណរគុណចំពោះកាយវិការ សប្បុរសធម៌ របស់សមាជិកសភាពាណិជ្ជកម្ម មណ្ឌល ខេត្តកំពង់ចាម មណ្ឌលគីរី ដែលបានឯកភាពគ្នា ក្នុងការផ្តល់សំភារៈជាអង្ករ ចំនួន៤តោន និងទឹកស៊ីអ៊ីវ១៦០យួរនេះ ដែលជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល តាមរយៈអាជ្ញាធរខេត្ត ដេីម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ។
ជាមួយគ្នានោះ លោក អភិបាលខេត្ត ក៏បានលើកឡើងដែរថា អំណោយដែលសភាពាណិជ្ជកម្មមណ្ឌល ខេត្តកំពង់ចាម មណ្ឌលគីរី បានប្រគល់ជូននាពេលនេះ គឺជាការរួមចំណែកក្នុងសកម្មភាពនានា ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលជាការជួយរំលែកទុក្ខលំបាក ការខ្វះខាត របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករដែលទើបតែត្រឡប់មកពីក្រៅប្រទេសវិញ និងក្រុមការងារចុះបំពេញបេសសកម្ម ការពារទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណាផង ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ ក្នុងការអំពាវនាវ និងណែនាំដល់គ្រប់ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ដើម្បីរួមគ្នាប្រយុទ្ធទប់ស្កាត់ការរីករាលដាល នៃវីរុសកូរ៉ូណា (កូវីដ១៩) ដែលជាជំងឺរាតត្បាតលេីសកលលោក ដោយប្រទេសកម្ពុជាយើងក៏មានអ្នកកើតជំងឺនេះមួយចំនួនផងដែរ ៕ ដោយ ៖ ប៉ែន សុផល