ភ្នំពេញ ៖ អគ្គបញ្ជាការនៃកងយោធពលខេមរៈភូមិន្ទ នៅរសៀលថ្ងៃទី៩ មេសា ឆ្នាំ២០២០ នេះ បានចេញបទបញ្ជាឲ្យកងពលលេខ៧០ ចល័តរថក្រោះប្រភេទតេ៥៥ ចំនួន១០គ្រឿង និងរថពាសដែកប្រភេទBMP-1 ចំនួន១២គ្រឿង ពីសាលាតេជោសែនជុំគីរី ចូលមកកាន់ទីបញ្ជាការដ្ឋានកងពលលេខ ៧០ វិញក្រោយធ្វើសមយុទ្ធនាគមាសឆ្នាំ២០២០ ជាមួយកងទ័ពចិនបានបិទបញ្ចប់កាលពីពេលថ្មីៗនេះ ដោយចាប់ផ្ដើមយុទ្ធដំណើរការពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែមេសា ជាកំហិត។
ក្នុងបទបញ្ជាដែលចុះហត្ថលេខាដោយ ឯ.ឧ. វង្ស ពិសេន ពុំមានការបញ្ជាក់ពីភាពចាំបាច់ ឬមូលហេតុណាមួយដែលនាំឲ្យមានការចល័តរថក្រោះ និងរថពាសដែកទាំងនេះ នោះទេ ដោយគ្រាន់តែបញ្ជាក់យ៉ាងខ្លីថា ដើម្បីរក្សាឲ្យបាននូវសុខសន្តិភាព និងសុវត្ថិភាពប៉ុណ្ណោះ។
គួរកត់សម្គាល់ថា បទបញ្ជានេះ បានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ នៅក្រោយពេលដែលរាជរដ្ឋាភិបាលបានប្រកាសហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញចូលទៅវិញទៅមករវាងរាជធានី ខេត្ត ក្រុង ស្រុក នៅទូទាំងកម្ពុជា ចាប់ពីម៉ោងសូន្យរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ នេះ ដោយអះអាងថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃវីរុស កូវីដ ១៩៕