ខេត្តក្រចេះ៖ស្ត្រីអ្នកបើកបរម៉ូតូម្នាក់បានស្លាប់នៅនឹងកន្លែង និងពីរនាក់ផ្សេងទៀតរងរបួសធ្ងន់ និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្តកាមរីហើមជាកម្មសិទ្ធិរបស់មន្ត្រីយោធាដឺបេម្នាក់។
គ្រោះថ្នាក់ចរាចរណ៍មួយនេះបានកើតឡើងនៅរសៀលថ្ងៃទី២០កក្កដា នៅលើផ្លូវជាតិលេខ៧៦ ក្នុងឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។
អ្នកឆ្លើយឆ្លងព័ត៌មានបានរាយការណ៍ថា រថយន្តបង្កគ្រោះថ្នាក់ជាប្រភេទរថយន្តកាមរីហើម ពណ៌ត្រេអ៊ី ពាក់ស្លាកលេខយោធាជាកម្មសិទ្ឋិរបស់មន្ត្រីយោធាម្នាក់ឈ្មោះ ឆឹត ភារម្យ មានឋានៈវរសេនីយ៍ទោ បម្រើការងារជាយោធាផ្នែក ដឺបេ នៃអគ្គបញ្ជាការកងទ័ពជើងគោក។
ប្រភពបន្តថា យោងតាមរបាយការណ៍របស់ប៉ូលីសបានឲ្យដឹងថា ស្ត្រីរងគ្រោះដែលបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុឈ្មោះ សោម ឯម អាយុ៣១ឆ្នាំ ជាអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ២នាក់ផ្សេងទៀតត្រូវរងរបួសធ្ងន់ និងស្រាល។ជនរងគ្រោះទាំង៣មានទីលំនៅឃុំឃ្សឹម ស្រុកស្នួល។ ចំណែកអ្នកបើកបររថយន្ត ក្រោយពេលកើតហេតុបានទុករថយន្តចោលហើយរត់គេចខ្លួនបាត់។
ប្រភពបន្តថា នគរបាលបានកំណត់ពីមូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់នោះដោយសារតែរថយន្តយោធា១ គ្រឿងនេះបានបើកវ៉ារថយន្តផ្សេងទៀតហើយបានជ្រុលទៅបុកជាមួយម៉ូតូជនរងគ្រោះដែលជិះគ្នាបីនាក់ចំពីមុខបណ្តាលឲ្យផ្លោងខ្ទាតបោកទៅនឹងដី ចំណែករថយន្តបន្តរវរចង្កូតធ្លាក់ប្រឡាយទៅមុខលែងរួច។សេចក្តីរាយការណ៍បានឲ្យដឹងថា នគរបាលនាំមកយករថយន្តទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋានស្រុកស្នួល រង់ចាំការដោះស្រាយ ចំណែកសាកសពជនរងគ្រោះបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត។
តាមមន្ត្រីប៉ូលីសបានអះអាងថា រថយន្ត១ គ្រឿងនេះជារថយន្តសម្រាប់ប្រដេញរបស់មន្ត្រីយោធារូបនេះ សម្រាប់កាក់ទារលុយពីឈ្មួញដឹកជញ្ជូនខុសច្បាប់ផ្សេងៗមិនថាយប់ឬថ្ងៃនោះទេ៕ដោយ៖ប្រាក់ ណាត