ភ្នំពេញ៖ពិធីភ្ជាប់ពាក្យដែលប្រារព្ធឡើងនៅគេហដ្ឋានខាងស្រី នាព្រឹកមិញនេះ ត្រូវបានអាក់ខានភ្លាមៗបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារបងប្អូនខាងកូនក្រមុំបានចាក់សោរទ្វាររបងមិនឲ្យកូនកំលោះ និងសាច់ញាតិបងប្អូន ចូលធ្វើពិធីនោះឡើយ។
ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង ០៦:០០នាទីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥នេះ នៅភូមិគ្រឹះខាងស្រីមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវឧកញ៉ាម៉ុងឫទ្ធី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ប្រភពព័ត៌មានបានរាយការណ៍ថា បុរសម្នាក់ត្រូវជាបងប្រុសរបស់ខាងភាគីកូនក្រមុំ បានយកសោរមកចាក់របងទ្វារ មិនឲ្យភ្ញៀវ និងកូនកំលោះចូលភ្ជាប់ពាក្យដណ្តឹងប្អូនស្រីរបស់ខ្លួនទេ ដោយអះអាងថាកូនកំលោះធ្លាប់ មានប្រពន្ធ និងកូនហើយមិនទាន់លែងលះគ្នាដាច់ស្រេចនៅឡើយ ។
ប្រភពបន្តថា កូនកំលោះឈ្មោះ ឡេង ប៊ុនឡុង អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី។ចំណែកកូនក្រមុំឈ្មោះ ចាន់ រ័ត្ននា អាយុ២៥ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ ។រីឯបងប្រុសកូនក្រមុំ ដែលចាក់របងទ្វារនោះ ឈ្មោះ ប៉ែន រិទ្ធី អាយុ៤៧ឆ្នាំ ជាមន្ត្រីនៅក្រសួងការបរទេស។
មន្ត្រីអាជ្ញាធរបានឲ្យដឹងថា ក្រោយពីកើតមានការភ្ញាក់ផ្អើល ភ្ញៀវខាងប្រុស និងខាងស្រី មិនបានជួបជុំគ្នាដើម្បីប្រារព្ធពិធីភ្ជាប់ពាក្យនោះឡើយ លុះត្រាតែមានអាជ្ញាធរមូលដ្ឋានចុះទៅអន្តរាគមន៍សម្របសម្រួលរកទីតាំងផ្សេងដើម្បីបន្តកម្មវិធីភ្ជាប់ពាក្យនេះឲ្យបានប្រព្រឹត្តទៅចប់ចុងចប់ដើម ៕ ដោយ៖រដ្ឋា