ខេត្តបន្ទាយមានជ័យ ៖ ដោយមានការចង្អុលបង្ហាញពីឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រោមការដឹកនាំរបស់ ឯកឧត្ដម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អាជ្ញាធរគ្រប់បណ្ដា ក្រុង ស្រុក ក្នុងភូមិសាស្ត្រខេត្ត បន្ទាយមានជ័យ ត្រូវយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ខណៈ ប្រទេសកម្ពុជា និង សកលលោក ក្នុងកាលៈទេសៈដ៏លំបាកនៃការរាតត្បាតរបស់វីរុសកូវីដ-១៩ (COVID-១៩) បណ្ដាកងកម្លាំងមានការមមាញឹកក្នុងការបម្រើសុខសុវត្ថិតភាពជូនបងប្អូនប្រជាពលរដ្ឋ។ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ លោក ជាម សុខ ប្រធានក្រុមប្រឹក្សាក្រុង លោក លឹម តិចឆេង សមាជិកក្រុមប្រឹក្សាក្រុង និងលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានដឹកនាំក្រុមការងារ នាំយកសម្ភារៈមួយចំនួនចែកជូនដល់ កងកម្លាំងនគរបាលប៉ុស្តិ៍ទាំង ៧សង្កាត់ ក្នុងក្រុងសិរីសោភ័ណ ដើម្បីជាការចូលរួមគាំទ្រ និងលើកទឹកចិត្ត ក្នុងការអនុវត្តនូវបទបញ្ជារបស់រាជរដ្ឋាភិបាល ធានាអោយបាននូវសុខសុវត្ថិភាពជូនដល់ពលរដ្ឋនៅមូលដ្ឋាន ទូទៅជៀសផុតពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
នៅក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានមានប្រសាសន៍លើកឡើងថា៖ក្នុងនាមយើងជាកងកម្លាំងសមត្ថកិច្ច ដោយប្រកាន់ខ្ជាប់នូវវិធានការដែលត្រូវប្រកាន់យកមកអនុវត្តសម្រាប់ទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀតជាចាំបាច់។ជាពិសេស សូមបងប្អូននៅផ្ទះ កុំធ្វើដំណើរចល័ត (ជាបណ្តោះអាសន្ន) អនុវត្តនូវគម្លាតសុវត្ថិភាពនៅទីកន្លែងមានមនុស្សច្រើន ការជួបជុំ និងសូមរក្សាអនាម័យល្អ ដូចជាឧស្សាហ៍លាងដៃជាមួយសាប៊ូនិងទឹកស្អាត ឬអាល់កុល ឬទឹកជែលលាងដៃឱ្យបានញឹកញាប់ ប្រើប្រាស់ម៉ាស់ខ្ទប់មាត់និងច្រមុះពេលក្អកកណ្តាស់ជាដើម។
បន្ទាប់ពីការចុះពិនិត្យ និងនាំសម្ភារៈទៅចែកជូននគបាលប៉ុស្តិ៍ នៅក្នុងសង្កាត់ទាំង៧រួច ក៏បានផ្ដាំផ្ញើ ដល់កងកម្លាំងទាំងអស់អោយបន្ត ចុះពន្យល់ណែនាំដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានបន្តទៀត រហូតចប់យុទ្ធនាការនេះ ។
សម្រាប់សម្ភារៈដែលចែកជូន ក្នុងមួយប៉ុស្តិ៍ ទទួលបានអង្ករ៥០គីឡូក្រាម,មី១កេស,ទឹកស៊ីអ៊ីវ០១យួរ ,ទឹកត្រី១យួរ ,និងទឹកសុទ្ធ១០យួរ៕