ក្រុមចោរប្លន់​​ បាញ់​ម្ចាស់​ដេប៉ូ​ឈើ ម្នាក់​ធ្លាយ​ពោះ​នៅ​ស្រុក​បរសេដ្ឋ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 July, 2015 ក+ ក-

​កំពង់ស្ពឺ​៖ បុរស​ម្ចាស់​ដេប៉ូ​ឈើ​ម្នាក់​បាន​រងរបួស​ដោយ​គ្រាប់កាំភ្លើង​ក្នុង​អំពើ​ប្លន់​ប្រដាប់អាវុធ​ដែល​ក្រុមចោរ​មាន​គ្នីគ្នា​ប្រមាណ​៦​នាក់​ចូល​ប្លន់​ដល់​ក្នុងផ្ទះ ប៉ុន្តែ​មនុស្ស​ផ្សេងទៀត​មិនមាន​រងគ្រោះថ្នាក់​ទេ​។​

សេចក្តីរាយការណ៍​បឋម​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្រុមចោរ​ប្រដាប់អាវុធ​ចំនួន ៦​នាក់ ប្រដាប់​ដោយ​អាវុធ​វែង​ខ្លី​គ្រប់​ដៃ ពាក់​ឯកសណ្ឋាន​យោធា នៅវេលា​ម៉ោង ១៩:៤០​យប់ ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៥ បាន​ចូល​ប្លន់​ផ្ទះ​ជនរងគ្រោះ​ឈ្មោះ ផេង វណ្ណៈ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​បើក​ដេប៉ូ​លក់​ឈើ ដែលមាន​ទីតាំងនៅ​ភូមិ​ផ្សារ​ស្លាប​លែង ឃុំ​ស្វាយ​រំពារ ស្រុក​បរសេដ្ឋ ។​

​ប្រភព​បន្តថា ក្រុម​ជនល្មើស​បានធ្វើ​សកម្មភាព​បាញ់​ទៅលើ​ជនរងគ្រោះ​ចំនួន ៣​គ្រាប់ ប៉ុន្តែ​ត្រូវ​ជនរងគ្រោះ​ត្រូវតែ​១​គ្រាប់​ទេ គឺ​ត្រូវ​ពោះ​ខាងស្តាំ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​។​ភ្លាមៗ​នោះ ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។

ប្រភព​បន្តទៀតថា ក្នុងករណី​ប្លន់​នេះ​ក្រុម​ជនល្មើស​បាន​រត់គេចខ្លួន​បាត់ ដោយ​បន្សល់ទុក​ភស្តុតាង​ដូចជា ពិល​ចំនួន ២ និង​ដប​ទឹក​២​។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ ដើម្បី​ឈានទៅរក​ការចាប់ខ្លួន​។​

​ទោះជា​យ៉ាងនេះ​ក្តី មកដល់​ព្រឹក​ថ្ងៃទី​២១ ខែកក្កដា នេះ សមត្ថកិច្ច​នៅ​មិនទាន់​ផ្តល់ព័ត៌មាន​លម្អិត​ស្តីពី​ការបាត់បង់​ទ្រព្យសម្បត្តិ​របស់​ជនរងគ្រោះ​ក្នុង​អំពើ​ប្លន់​ប្រដាប់អាវុធ​នោះ​នៅឡើយ​ទេ​៕​ដោ​យ៖រដ្ឋា​

mkjnhh