ភ្នំពេញ ៖ សកម្មជនគណបក្សសង្គ្រោះជាតិ ១១នាក់ ក្នុងនោះមានលោកមាជ សុវណ្ណរ៉ា ផងដែរ ត្រូវបានតុលាការរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ៗពី ៧ ឆ្នាំ ដល់ ៨ ឆ្នាំ ក្នុងសំណុំរឿងដឹកនាំធ្វើកុបកម្មកាលពីថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ២០១៤ នៅទីលានប្រជាធិបតេយ្យ បង្កឲ្យមនុស្សជាង៤០នាក់ រងរបួសធ្ងន់ និស្រាល។
ប្រភពព័ត៌មានពីតុលាការបានឲ្យដឹងថា តុលាការសាលាដំបូងរាជធានីភ្នំពេញនៅរដៀលថ្ងៃទី២១ កក្កដានេះ បានបើកសវនាការលើសំណុំរឿងក្តីបាតុកម្មនៅទីលានប្រជាធិបតេយ្យ ចាប់តាំងពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥។
ប្រភពបានបញ្ជាក់ថា លោកចៅក្រមបានសម្រេចផ្តន្ទាទោសជនជាប់ចោទ ៣ នាក់ ដាក់ពន្ធនាគារ ៨ ឆ្នាំ រួមមាន៖ លោក មាជ សុវណ្ណារ៉ា លោក ឃិនជំរឿន និងលោកអឿ ណារិទ្ធ។ ចំណែកអ្នកផ្សេងទៀត ចៅក្រមសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ ៧ ឆ្នាំ អ្នកទាំងនោះ រួមមាន៖ លោក ស៊ុំ ពុទ្ធី លោក កែ ឃីម ហៅវីន ឌី លោក ទេព ណារិន លោក អ៊ុក ពេជ្រសំណាង លោក នាង សុឃុន លោក សាន គឹមហេង លោក សាន សីហៈ និងលោក អាន បឋម ហៅ សុខុម។
គួររំលឹកថា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ក្បែរទីលានប្រជាធិបតេយ្យក្នុងខណ្ឌដូនពេញមានអំពើហិង្សាបង្កឡើងដោយក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិដែលដឹកនាំធ្វើដោយសកម្មជនមានឈ្មោះដូចមានដូចខាងលើ បណ្តាលឱ្យសន្តិសុខខណ្ឌដូនពេញ ៣៨ នាក់ និងក្រុមបាតុករជាង ១០ នាក់ រងរបួស ។ឪកាសនោះ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដឹកនាំក្រុមបាតុករជិត ១០០០ នាក់ ទៅកាន់ទីនោះដើម្បីទាមទារឱ្យសាលាក្រុងភ្នំពេញបើកទីលានប្រជាធិបតេយ្យឡើងវិញ។
ប្រភពបានបញ្ជាក់ថា ដោយយោងតាមមាត្រា ៤៥៩, ៤៩៥, ២១៨, ២៨ នៃក្រមព្រហ្មទណ្ឌតុលាការក្រុងភ្នំពេញបានសម្រេចដាក់ការចោទប្រកាន់លើសកម្មជនគណសង្គ្រោះជាតិទាំងអស់នោះពីបទដឹកនាំកុបកម្ម បទញុះញង់ ឱ្យប្រព្រឹត្តឧក្រិដ្ឋជាអាទិ៍ និងបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយផ្តន្ទាទោសដាក់ពន្ធនាគារព្រៃស ម្នាក់ៗពី៧ ទៅ៨ ឆ្នាំ៕ដោយ៖ខេមរៈ