ថ្ងៃនេះអ្នកជំងឺកូវីដ១៩ បានជាសះស្បើយថ្មីចំនួន៥ទៀត ធ្វើនិងពុំមានករណីឆ្លងថ្មីទេ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 April, 2020 ក+ ក-

ភ្នំពេញ ៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០នេះក្រសួងសុខាភិបាល បានចេញប្រកាសនូវដំណឹងដ៏សែនរីករាយដល់ប្រជាពលរដ្ឋបន្តទៀតថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយថ្មីចំនួន៥នាក់ទៀត ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់១០៣នាក់ ហើយពិសេសបំផុតពុំមានករណីអ្នកឆ្លងជំងឺកូវីដថ្មីទេ។

ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន១៩នាក់ នៃអ្នកឆ្លងសរុប១២២ នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ។

ចំពោះករណីអ្នកជាសះស្បើយចំនួន៥នាក់រួមមាន ៖ ជនបរទេស៣នាក់ ដែលជាភ្ញៀវមកពីនាវា Viking Cruise Journey នៅខេត្តកំពង់ចាម ក្នុងនោះជនជាតិអាមេរិកាំង២នាក់ និងអង់គ្លេសម្នាក់។ បុរសជនជាតិកាណាដាម្នាក់ អាយុ៤៩ឆ្នាំ បម្រើការងារនៅសាលាអន្តរជាតិមួយ នៅកោះពេជ្រ ស្នាក់នៅបុរីកោះពេជ្រ និងបុរសជនជាតិខ្មែរម្នាក់ អាយុ៣៨ឆ្នាំ ដែលមានទីលំនៅភូមិពោធិ៍២ ឃុំគារ ស្រុមមោងប្ញស្សី ខេត្តបាត់ដំបង ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ ក្រោយពីពិនិត្យអវិជ្ជនៃជំងឺកូវីដ១៩ មានចំនួន២ដង៕