ផ្ទះមួយខ្នងរបស់នាយកមណ្ឌលកុមារមេគង្គរងការឆាបឆេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 April, 2020 ក+ ក-

បន្ទាយមានជ័យ ៖ ផ្ទះមួយខ្នងដែលសង់ឡើងអំពីថ្មក្រោមឈើលើ ស្ថិតក្នុងមណ្ឌលកុមារមេគង្គ ក្នុងភូមិអូរំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យបានរងការឆាបឆេះអស់ស្ទើរទាំងស្រុងខណៈដែលម្ចាស់មិននៅ ។ហេតុការណ៍នៃការឆាបឆេះនេះកើតឡើងនៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៨ខែមេសាឆ្នាំ២០២០។

លោកវរសេនីយ៍ទោ ប៊ុន ផេង ស្នងការរង ទទួលការងារគ្រប់អាវុធជាតិផ្ទុះនិងអគ្គីភ័យ បានឲ្យដឹងថា៖ផ្ទះដែលរងការឆាបឆេះមានទំហំ៩ម៉ែត្រគុណ៦ម៉ែត្រថ្មក្រោមឈើលើ ជាកម្មសិទ្ធិរបស់ឈ្មោះ ម៉ាតាំង ឆាលម៉ាំងឌីយ៉ូ ភេទប្រុសអាយុ៥៥ឆ្នាំ ជនជាតិ ស្វីស សញ្ជាតិ ខ្មែរ ជាប្រធានមណ្ឌលកុមារមេគង្គ ។

លោកបន្តថានៅពេលកើតហេតុម្ចាស់ផ្ទះមិននៅដោយរវល់ចុះទៅធ្វើការងារនៅស្រុកម៉ាឡៃ រួចចាក់សោទុកចោល ។ក្នុងហេតុការណ៍គ្រោះអគ្គីភ័យនេះ ដែររថយន្តពន្លត់អគ្គីភ័យចំនួន៣គ្រឿងមានរថយន្តរបស់អធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ១គ្រឿងនិងរថយន្តរបស់ស្នងការដ្ឋាននគរ បាលខេត្តចំនួន២គ្រឿងបានចេញអន្តរាគមន៍ ហើយបាញ់ទឹកពន្លត់ អស់ចំនួន៤រថយន្ត ទើបគ្រប់គ្រងស្ថានការបាន នៅវេលាម៉ោង៣រសៀល ភ្លើងរលត់ទាំងស្រុង ។

យោងតាមការសន្និដ្ឋានចំពោះការខូចខាតនៃគ្រោះអគ្គីសភ័យបានបញ្ជាក់អោយដឹងថា ផ្ទះខូចខាតអស់៧០% ផ្នែកឈើខាងលើឆេះអស់ទាំងស្រុងរួមនឹងសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួន។ចំពោះមូលហេតុដែលបង្កឲ្យឆេះ នេះគឺបណ្តាលមកពីទុស្សេរខ្សែភ្លើង៕