ភ្នំពេញ៖ក្រុមអ្នកច្បាប់ក្នុងរដ្ឋសភា និងអ្នកតំណាងរាស្ត្រនៃគណបក្សប្រជាជនកម្ពុជាកំពុងរង់ចាំចម្លើយពីលោក ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់លើតំណាងរាស្ត្របក្សប្រឆាំង លោក អ៊ុំ សំអាន។ នេះបើយោងតាមការបញ្ជាក់របស់លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភា ។
ប្រព័ន្ធផ្សព្វផ្សាយ RFA បានរាយការណ៍ថា តំណាងរាស្ត្រ និងជាអ្នកនាំពាក្យនៃរដ្ឋសភា លោក ឈាង វុន មានប្រសាសន៍នៅថ្ងៃទី២១កក្កដា ថា ក្រុមអ្នកច្បាប់ក្នុងរដ្ឋសភា បានដាក់លទ្ធផលនៃកិច្ចសិក្សាពិគ្រោះយោបល់លើករណីតំណាងរាស្ត្រ មណ្ឌលសៀមរាប លោក អ៊ុំ សំអាន ដែលចង់ប្ដឹងប្រធានរដ្ឋសភា ទៅក្រុមប្រឹក្សាធម្មនុញ្ញនោះ និងការបញ្ចេញមតិនានាទាក់ទងបញ្ហាព្រំដែននៅលើទំព័របណ្ដាញសង្គម ហ្វេសប៊ុក (Facebook)។ លោកបន្តថា ករណីនេះក្រុមអ្នកច្បាប់នៅរដ្ឋសភា និងក្រុមតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ចាត់ទុកជាការចោទប្រកាន់ វាយប្រហារប៉ះពាល់ដល់កិត្តិយសប្រធានរដ្ឋសភា។
លោកបន្តថា ករណីនេះ លោក អ៊ុំ សំអាន អាចប្រឈមនឹងករណីពីរយ៉ាង គឺវិធានការដាក់វិន័យរដ្ឋបាលក្នុងរដ្ឋសភាតាមបទបញ្ជាផ្ទៃក្នុង និងការប្រើសិទ្ធិបុគ្គលប្ដឹងតាមផ្លូវតុលាការ បើសិនជាប្រធានរដ្ឋសភា ចង់ប្រើសិទ្ធិរបស់លោកចាត់ការលើរឿងនេះ៖ «បញ្ជាក់ ត្រង់នេះមួយ ត្រង់គាត់និយាយថា អ៊ីចឹងតើបានជាយួន និយាយថាភូមិកំណើតរបស់សម្ដេចស្ថិតក្នុងដីយួន អត់ហ៊ានក្អកជាមួយយួន កុំចង់យកភូមិខ្មែរពីរទៅឲ្យយួន ដូរជាមួយភូមិកំណើតសម្ដេចវិញ»។
ក្រុមអ្នកច្បាប់ក្នុងរដ្ឋសភា បង្ហាញជូន លោក ហេង សំរិន ថា ការបញ្ចេញមតិរបស់ លោក អ៊ុំ សំអាន ប៉ះពាល់ដល់បុព្វសិទ្ធិ និងសិទ្ធិសម្រេចរបស់ប្រធានរដ្ឋសភា ដូចបានចែងក្នុងរដ្ឋធម្មនុញ្ញបទបញ្ជាផ្ទៃក្នុងរដ្ឋសភា។
ទោះយ៉ាងណា លោក អ៊ុំ សំអាន នៅតែប្រកាន់ជំហរដដែល គឺលោកធ្វើការទៅតាមច្បាប់ មិនមែនជាការប្រមាថចោទប្រកាន់វាយប្រហារ ក្នុងបំណងអាក្រក់នោះទេ ហើយលោកមិនព្រួយបារម្ភចំពោះការចាត់វិធានការលើរូបលោកតាមមធ្យោបាយ ណាមួយនោះឡើយ៕ដកស្រង់ដោយ៖រតនា
តំណាងរាស្ត្រគណបក្សសង្រោះជាតិ លោក អ៊ុំ សំអាន (ពាក់អាវពណ៌ស្វាយ) ពិនិត្យតម្រុយបង្គោលព្រំដែនលេខ៣០២ នៅច្រកព្រំដែនកម្ពុជា-វៀតណាម តន់ហន់ ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ថ្ងៃទី១៤ ឧសភា ឆ្នាំ២០១៥។