ភ្នំពេញ ៖ នៅក្នុងកាលៈទេសៈពិភពលោកកំពុងទទួលរងឥទ្ធិពល ប្រទេសជាច្រើនកំពុងមានការព្រួយបារម្ភពីការខ្វះខាតស្បៀង ក្នុងនោះប្រទេសទីម័រខាងកើតក៏កំពុងព្រួយបារម្ភ ហើយបានស្នើសុំកម្ពុជានាំចេញអង្ករទៅកាន់ប្រទេសខ្លួន ដើម្បីទប់ស្កាត់ការខ្វះខាតស្បៀងដោយសារតែជំងឺឆ្លងដ៏សាហាវនេះ ។
នៅក្នុងជំនួបរវាងអគ្គរដ្ឋទូតសាធារណរដ្ឋទីម័រខាងកើត ប្រចាំកម្ពុជា និងសហព័ន្ធស្រូវអង្ករកម្ពុជា រួមនឹងក្រុមហ៊ុនហ្គ្រីនត្រេដ អគ្គរដ្ឋទូតសាធារណរដ្ឋទីម័រខាងកើតបានស្នើភាគីកម្ពុជា នាំអង្ករទៅកាន់ប្រទេសខ្លួន ដើម្បីទប់ស្កាត់ការខ្វះខាតស្បៀងដែលអាចកើតឡើងដោយសារតែជំងឺកូវីដ ១៩ ។
តាមសម្រង់សម្ដីលោក លន់ យ៉េង អគ្គលេខាធិការ នៃលេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជាថ្លែងប្រាក់សារព័ត៌មានក្នុងស្រុកមួយបានឲ្យដឹងថា កាលពីមុនទីម័រខាងកើតបានបញ្ជាទិញអង្ករពីប្រទេសវៀតណាម តែក្រោយមកវៀតណាមក៏បានបិទ ការនាំចេញទើបទីម័រចាប់អារម្មណ៍មកលើអង្ករកម្ពុជា និងបានទាក់ទងមកកម្ពុជា ដើម្បីស្នើសុំទិញសម្រាប់ផ្គត់ផ្គង់វិញ ។
លោកបន្តថា បើពិនិត្យទៅមើលលទ្ធភាព និងស្ដុកអង្កររបស់កម្ពុជា ឃើញថាកម្ពុជាអាចមានលទ្ធភាពក្នុងការផ្គត់ផ្គង់អង្ករទៅកាន់ប្រទេសទីម័រខាងកើត ក្នុងបរិមាណ ២ ទៅ៣ម៉ឺនតោនក្នុងមួយខែ ។ ប៉ុន្ដែខាងភាគីកម្ពុជាបានស្នើសុំឲ្យភាគីទីម័រខាងកើតបញ្ជូនលិខិតជាផ្លូវការតាមរយៈក្រសួងការបរទេស ដោយបញ្ជាក់លើបរិមាណ រយៈពេលនៃការផ្គត់ផ្គង់ និងលក្ខខណ្ឌផ្សេងៗនៃការផ្គត់ផ្គង់ ដូចជាការវេចខ្ចប់ ការដឹកជញ្ជូន និងប្រភេទអង្ករ ដែលត្រូវការជាដើម ហើយខាងភាគីកម្ពុជានឹងរង់ចាំសហការ និងអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលជានិច្ច។
លោកបញ្ជាក់ថា លទ្ធភាពឥឡូវនេះ យើងនៅចាំគាត់សិន ទី១យើងចាំលិខិតផ្លូវការរបស់គាត់ ព្រោះការងារនេះ ធ្វើឡើងរវាងរដ្ឋនឹងរដ្ឋ។ ដូច្នេះ ចាំមើលលិខិតផ្លូវការរបស់គាត់ផ្ញើពីរដ្ឋាភិបាលគាត់មកខាងរដ្ឋាភិបាលយើងសិន ហើយទី២ ទាក់ទងនឹងបរិមាណយើងមានផ្គត់ផ្គង់ឲ្យគាត់២ ទៅ៣ម៉ឺនតោនក្នុងមួយខែក៏បានដែរ អត់មានចំណុចជាបញ្ហាចោទទេ! ហើយទី៣ វាអាស្រ័យលើតម្លៃ ។
សូមបញ្ជាក់ថា គិតត្រឹមដំណាច់ខែមីនា ២០២០ កម្ពុជា សម្រេចបានការនាំចេញអង្ករទៅកាន់ទីផ្សារក្រៅប្រទេសប្រមាណ ជាង២៣ម៉ឺនតោន ក្នុងនោះទីផ្សារចិននៅតែជាទីផ្សារធំជាងគេ ដែលបាននាំចេញប្រមាណជាង១០ម៉ឺនតោន ។ សម្រាប់ទីផ្សារប្រទេសអាស៊ានកម្ពុជាបាននាំចេញអង្ករប្រមាណជាង២ម៉ឺន៨ពាន់តោនផងដែរ ៕
ទីម័រខាងកើត ស្នើកម្ពុជានាំចេញអង្ករទៅកាន់ប្រទេសខ្លួន ដើម្បីទប់ស្កាត់ការខ្វះខាតស្បៀងដោយសារជំងឺកូវីដ១៩