ភ្នំពេញ ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បញ្ជាក់ថា កម្ពុជាមិនចាំបាច់ដាក់ប្រទេសក្នុងភាពអាសន្ននោះទេ បើស្ថានភាពនៃការគ្រប់គ្រងកូវីដ១៩ បានល្អ ដូចពេលបច្ចុប្បន្ននេះ។ ការបញ្ជាក់នេះ ធ្វើឡើនៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹក២២ ខែមេសា នេះនៅទីស្តីការគណៈរដ្ឋមន្ត្រី។
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ មានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ក្នុងការដាក់ប្រទេស ក្នុងភាពអាសន្ន អាចអនុវត្តទៅបានគឺស្ថិតនៅក្នុងដំណាក់កាលប្រទេសជាតិជួបគ្រោះអាសន្នធ្ងន់ធ្ងរ និងត្រូវមានការឯកភាពពីឥស្សរជនជាន់ខ្ពស់ចំនួន៣រូប រួមមាននាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងព្រឹទ្ធសភា។
បើតាមអ្នកនាំពាក្យ កម្ពុជាមិនចាំបាច់ដាក់ប្រទេសក្នុងភាពអាសន្ននោះទេ បើស្ថានភាពនៃការគ្រប់គ្រងកូវីដ១៩ បានល្អដូចពេលបច្ចុប្បន្ននេះ។
សេចក្តីព្រាងច្បាប់ស្ដីពី ការគ្រប់គ្រងប្រទេសក្នុងភាពអាសន្ន បានទៅដល់ដៃក្រុមប្រឹក្សារដ្ឋធម្មនុញ្ញហើយនៅព្រឹកថ្ងៃទី២២ មេសា នេះ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានអញ្ជើញទៅការពារច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសក្នុងគ្រាអាសន្ននៅក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ។
លោក ជិន ម៉ាលីន បញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងប្រទេស ត្រូវបានដាក់ឲ្យអនុវត្តជាផ្លូវការហើយនោះ មិនមែនមានន័យថា កម្ពុជាត្រូវដាក់ប្រទេសក្នុងគ្រាអាសន្ននោះទេ។ លោកថាច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសក្នុងភាពអាសន្ន មិនមែនដើម្បីបំបិទសិទ្ធិសេរីភាព ឬរំលោភសិទ្ធិប្រជាពលរដ្ឋនោះទេ ប៉ុន្តែគឺដើម្បីប្រជាធិបតេយ្យ នីតិរដ្ឋ និងសិទ្ធិមនុស្ស និងដើម្បីការពារផលប្រយោជន៍សាធារណៈជូនប្រជាពលរដ្ឋកម្ពុជា។
សូមជម្រាបថា មកដល់ពេលនេះ មានប្រទេសចំនួន ៧០ហើយ ដែលបានដាក់ប្រទេសក្នុងគ្រាអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ១៩ ហើយក្នុងតំបន់អាស៊ានក៏មានប្រទេសចំនួន ៦ហើយ ដែលបានដាក់ប្រទេសក្នុងគ្រាអាសន្ន។ លោកបន្ថែមថា ការរៀបចំសេចក្តីព្រាងច្បាប់នេះ គឺអនុលោមទៅតាមច្បាប់អន្តរជាតិ និងមានភាពត្រឹមត្រូវ។ បណ្ដាប្រទេសផ្សេងទៀតអនុវត្តបាន ចុះហេតុអ្វីកម្ពុជា អនុវត្តមិនបាន៕