ខេត្តណ្តាល ៖ កាលពីម្សិលមិញមានករណីឃាតកម្មមួយបានកើតឡើង ខណដែលជនសង្ស័យជាមន្ត្រីយោធាពាក់ស័ក្តិ៤ម្នាក់ បាញ់សម្លាប់ប្រពន្ធរបស់ខ្លួនដោយសារ តែរឿងប្រច័ណ្ឌ រួចហើយបានដឹកសពប្រពន្ធពីភ្នំពេញ រហូតដល់ខេត្តកណ្តាល ហើយហៅសមត្ថកិច្ចមកឃាត់ខ្លួនតែម្តង ដោយមិនបានរត់គេចនោះឡើយ។ ហេតុការណ៍ឃាតកម្ម បានកើតឡើងនៅតាមផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមសមត្ថកិច្ចបានបញ្ជាក់ថា សង្ស័យជាឃាតកមានឈ្មោះ គឹម សារី អាយុ ៥៨ឆ្នាំ ជាមន្ត្រីយោធា នៃក្រសួងការពារជាតិ។ ចំណែកប្រពន្ធដែលជាជនរងគ្រោះឈ្មោះ សោម សារៀប អាយុ៥០ឆ្នាំ មានស្រុកកំណើតខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបន្តថា ក្រោយពេលបាញ់សម្លាប់ភរិយានៅក្នុងរថយន្តហើយនោះ បុរសជាប្តីបានដឹកសពភរិយាពីកន្លែងកើតហេតុ ទៅកាន់ភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ ពេលទៅដល់ចំណុចនេះ បានទូរស័ព្ទប្រាប់សមត្ថកិច្ចឱ្យមកឃាត់ខ្លួនតែម្តង។
ប៉ុន្តែជនសង្ស័យបាននិយាយប្រាប់សមត្ថកិច្ចថា មុនកើតហេតុជនរងគ្រោះ និងជនសង្ស័យ បានឈ្លោះប្រកែកគ្នា នៅក្នងរថយន្ត ដោយជិះបណ្ដើរ ឈ្លោះគ្នាបណ្ដើរ(រឿងប្រច័ណ្ឌ ) រហូតជិះមកដល់ចំណុចកើតហេតុ ជនសង្ស័យជាប្ដី បានបាញ់ប្រពន្ធស្លាប់តែម្ដង៕