ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងដោយទទូចស្នើឲ្យពលករខ្មែរដែលកំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េ កុំទាន់ មកលេងស្រុកកំណើតនាពេលនេះ ព្រោះអាចប្រឈមនឹងការចោលលុបទិដ្ឋាការ ខណៈកម្ពុជា ក៏ដូចជាកូរ៉េ កំពុងអនុវត្តវិធានការតឹងរ៉ឹងក្នុងអំឡុងពេលកើតមាន កូវីដ-១៩។
លោករដ្ឋលេខាធិការ ហេង សួរ បានអះអាងថា បើបងប្អូនត្រឡបើមកនាពេលនេះ នឹងត្រូវដាក់ឲ្យនៅដោយឡែក ១៤ថ្ងៃ ហើយពេលត្រឡប់ទៅប្រទេសកូរ៉េវិញ គេនឹងឃាត់ទុកឲ្យនៅដោយឡែករយៈពេល ១៤ថ្ងៃដូចគ្នាបន្ថែមទៀត ហើយអាចត្រូវគេលុបចោលទិដ្ឋាការទៀតផង។
ការអំពាវនាវនេះ បានធ្វើឡើងនៅបន្ទាប់ពីមានពលករខ្មែរធ្វើការងារនៅប្រទេសកូរ៉េចំនួន ៥នាក់ ដែលទើបមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ហើយត្រឡប់ទៅវិញកាលពីថ្ងៃទី ២៧ ខែមេសា កន្លងទៅ ត្រូវបានជាប់គាំងនៅព្រលានយន្ដហោះនៅប្រទេសកូរ៉េ ដោយសារតែថៅកែរោងចក្រមិនទាន់អនុញ្ញាតឱ្យចូលធ្វើការវិញ ហើយតម្រូវឲ្យដាក់ដាច់ដោយឡែករយៈពេល ១៤ថ្ងៃជាមុនសិន។
បើតាមលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានដែលរឿបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកាលពីថ្ងៃម្សិលមិញ បង្ហាញថា មកដល់ពេលនេះ មានពលករខ្មែរដែលកំពុងធ្វើការងារក្រៅប្រទេសជាង ១លាននាក់ ហើយពុំមានអ្នកណាម្នាក់ឆ្លងជំងឺកូវីដ ១៩ នោះទេ ដោយឡែក ពលរដ្ឋកម្ពុជាដែលកំពុងរស់នៅ និងធ្វើការងារនៅប្រទេសកូរ៉េ មានប្រមាណ ៦ម៉ឺននាក់។
សូមជម្រាបថា ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ កាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នេះ បានជូនដំណឹងថ្មីមួយដល់បងប្អូនពលករខ្មែរ ដែលកំពុងស្នាក់នៅប្រទេសកូរ៉េថា ដោយសារតែបញ្ហាការឆ្លងវីរុសកូរ៉ូណា (COVID-19) ក្រសួងការងារនៃសាធារណរដ្ឋកូរ៉េ បានចេញច្បាប់ថ្មី សម្រាប់ពលករគំរូ អាចពន្យារសុពលភាពបន្តស្នាក់ នៅកូរ៉េបានរហូតដល់៥០ថ្ងៃ ពីមុនបានតែជនជាតិថៃ, ចិន, និងវៀតណាមតែប៉ុណ្ណោះ ឥឡូវគឺអាចពន្យាបានទាំង១៦ប្រទេស ដែលបញ្ជូនពលករ មកបម្រើការងារនៅកូរ៉េ រួមទាំងប្រទេសកម្ពុជាផងដែរ៕