ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំប្រារព្ធទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២០ ក្រោមប្រធានបទ “បញ្ឈប់ការរាតត្បាតសាកល ៖ ការរៀបចំផែនការ ឆ្លើយតបគ្រោះអាសន្នដើម្បីបញ្ឈប់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅកន្លែង ធ្វើការ” តាមរយៈប្រព័ន្ធអ៊ិនធើណេត វីដេអូ Conferenceនាព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។
ពិធីនេះរៀបចំឡើងក្រោមត្តមានលោកបណ្ឌិត អ៊ិតត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោក Graeme Buckley នាយកប្រចាំប្រទេសនៃអង្គការអន្តរជាតិខាងការងារសម្រាប់ ប្រទេសកម្ពុជា ថៃ និងឡាវ, លោក កាំង ម៉ូនីកា អគ្គលេខាធិការរង នៃសមាគមរោងចក្រកាត់ដេរ នៅកម្ពុជា(តំណាងនិយោជក), លោក អាត់ ធន ប្រធានសហភាព ការងារកម្ពុជា(តំណាងសហជីព) ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថាប័នពាក់ព័ន្ធ តំណាងនិយោជក និងកម្មករនិយោជិត សរុបពី៥០០នាក់ ទៅ ១០០០នាក់។
នេះជាឆ្នាំទី១៥ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំទិវាពិភពលោក ដើម្បីសុខភាព និងសុវត្ថិភាពការងារ ក្រោមកិច្ចសហការផ្នែកបច្ចេកទេស ជាមួយអង្គការអន្តរជាតិ ខាងការងារ (ILO) តាមរយ:គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) និងគម្រោងលើកកម្ពស់ស្តង់ដាសុខភាព និងសុវត្ថិភាពការងារក្នុងវិស័យសំណង់ (ILO-OSH) ក្នុងគោលបំណងជំរុញគ្រប់ភាគីពាក់ព័ន្ធដើម្បីរៀបចំផែនការឆ្លើយតប និងវិធានការណ៍ចាំបាច់នានាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នៅកន្លែងធ្វើការ។
លោក Graeme Buckley នាយកប្រចាំប្រទេសអង្គការអន្តរជាតិខាងការងារសម្រាប់ប្រទេសកម្ពុជា ថៃ និងឡាវ មានប្រសាសន៍តាមវីដេអូ Conference ពីទីក្រុងបាងកក ព្រះរាជាណាចក្រថៃ បានថ្លែងអំណរគុណ ដល់ឯកឧត្តម លោក លោកស្រី សម្រាប់កិច្ចសហការ ទាំងអស់ ក្នុងអំឡុងពេលប៉ុន្មានខែចុងក្រោយនេះ ស្តីពីការឆ្លើយតបទៅនឹងមេរោគ កូវីត-19 (Covid-19)។ រូបលោកពិតជាកោតសរសើរយ៉ាងខ្លាំង ចំពោះការប្តេជ្ញាចិត្តរបស់ យើងទាំងអស់គ្នា ក្នុងការចាត់វិធានការណ៍ដោះស្រាយ ពីការគំរាមកំហែងនៃមេរោគ កូវីត-19 រួមទាំងកម្មករនិយោជិត នៅតាមបណ្តារោងចក្រកាត់ដេរផងដែរ។ ទន្ទឹមនេះដែរ អង្គការ ILO រួមទាំងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា និង គម្រោងលើកកម្ពស់ស្តង់ដារសុខភាព និងសុវត្ថិភាពនៅកន្លែងការងារ របស់អង្គការ ILO នៅក្នុងប្រទេសកម្ពុជា ប្តេជ្ញាធ្វើការរួមគ្នាជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេច នូវចក្ខុវិស័យពិភពលោកដែលមាន កន្លែងការងារកាន់តែមានសុខភាព និងសុវត្ថិភាព ប្រសើរឡើងសម្រាប់ប្រជាជនទាំងអស់។
តាមរយៈ វីដេអូ Conferenceនេះដែរ លោកបណ្ឌិត អ៊ិត សំហេង មានប្រសាសន៍ថា នៅក្នុងបរិបទនៃរីករាលដាលការឆ្លងជាសកល នៃជំងឺកូវីដ-១៩ (COVID-19) រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការបង្ការ ទប់ស្កាត់ នឹងប្រយុទ្ធប្រឆាំងកូវិដ១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ក្រសួងសុខាភិបាលបានធ្វើការយ៉ាងជិតស្និទ្ធ និងហ្មត់ចត់ដោយផ្ទាល់ ជាមួយអង្គការសុខភាពពិភពលោក និងកំពុងបន្តផ្សព្វផ្សាយអប់រំ ស្តីពីជំងឺកូវីដ-១៩នេះ ដល់ប្រជាជនទូទាំងប្រទេស ដើម្បីផ្តល់ចំណេះដឹងពីសុខភាពសាធារណៈ លើការបង្ការខ្លួនឲ្យចៀសផុតពីការឆ្លង។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញនូវសេចក្តីណែនាំបន្ថែមជាបន្តបន្ទាប់ ថែមទាំងបានចាត់ ក្រុមការងារឱ្យចុះធ្វើសកម្មភាពផ្សព្វផ្សាយ និងបង្រៀនដល់រដ្ឋបាល ប្រធានក្រុម ប្រធានផ្នែក រោងចក្រ សហគ្រាស ពីវីធីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
ការលេចឡើងនូវជំងឺកូវីដ-១៩ នាពេលថ្មីៗនេះ បានបង្កជាបញ្ហាប្រឈមដ៏ធំមួយទៀត បន្ថែមលើបញ្ហាដែលមានស្រាប់ ជាពិសេសគឺសង្គ្រាមពាណិជ្ជកម្ម និងការថមថយកំណើនសេដ្ឋកិច្ច សម្រាប់សកលលោកក៏ដូចជាកម្ពុជាយើង។ ដើម្បីកាត់បន្ថយផលប៉ះពាល់ រក្សាលំនឹងអាជីវកម្ម និង លំនឹងជីវភាពជូនកម្មករនិយោជិតទាំងអស់ រាជរដ្ឋាភិបាលបានដាក់ចេញវិធានការអន្តរាគមន៍បន្ទាន់ជុំទីមួយ ទី២ និងទី៣ ដល់វិស័យដែលទទួលរងផលប៉ះពាល់ធ្ងន់ជាងគេ គឺវិស័យអាជីវកម្ម ទេសចរណ៍ និងវិស័យកាត់ដេរសំលៀកបំពាក់ ស្បែកជើង និងកាបូប។
ជាមួយគ្នានោះ រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវវិធានការទូទៅ សម្រាប់ជួយដល់កម្មករនិយោជិតដែលទទួលរងផលប៉ះពាល់ រួមមាន ៖ ការលើកលែងពន្ធប្រថាប់ត្រាចំពោះការទិញផ្ទះតម្លៃ ក្រោម៧ម៉ឺនដុល្លារអាមេរិក ការស្នើឱ្យ ក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋានពន្យារពេលការបង់រំលោះ និង អគ្គិសនីកម្ពុជា និងរដ្ឋាករទឹក អនុញ្ញាតឱ្យកម្មករនិយោជិតជំពាក់ ការបង់ថ្លៃសេវាប្រើប្រាស់ ក្នុងអំឡុងពេលព្យួរកិច្ចសន្យាការងារ ព្រមទាំងគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុធ្វើការបន្ធូរបន្ថយការប្រាក់ និងពន្យារពេលការសងប្រាក់ដើម។ លើសពីនេះ រាជរដ្ឋាភិបាលក៏បានត្រៀមដាក់ចេញនូវវិធានការថ្មីៗបន្ថែមទៀត ក្នុងករណីដែល ស្ថានភាពសេដ្ឋកិច្ចរងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ។
នាឱកាសនោះដែរ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកបណ្ឌិត អ៊ិត សំហេង បានបន្តអំពាវនាវជាថ្មី ម្តងទៀតដល់ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន និងបងប្អូនកម្មករនិយោជិតទាំងអស់ សូមចូលរួមអនុវត្តអោយបានហ្មត់ចត់បំផុតនូវវិធានការបង្កា និងទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ឱ្យ បានត្រឹមត្រូវទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា ជីវៈ តាមរយៈការអនុវត្តនូវវិធានការសុវត្ថិភាព និងសុខភាពការងារជូនបងប្អូនកម្មករនិយោជិត។ រាជរដ្ឋាភិបាលសង្ឃឹមយ៉ាងមុតមាំថា គ្រប់ម្ចាស់ នាយករោងចក្រ សហគ្រាស គ្រឹះស្ថាន និងបងប្អូនកម្មករនិយោជិតទាំងអស់ នឹងចូលរួមទប់ស្កាត់ និងប្រឆាំងជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ កូវីដ-១៩ ដើម្បីសេចក្តីសុខសាន្តយើងទាំងអស់គ្នា ដើម្បីអនាគតការងារយើង សង្គមជាតិយើង និងសេដ្ឋកិច្ចជាតិយើង។
ផ្អែកតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ ២០១៩-២០២៣ ក្រសួងកំពុងបន្តជំរុញការផ្តោតការយកចិត្តទុកដាក់បន្តទៀត ទៅលើវិស័យសុវត្ថិភាពការងារនិងសុខភាពការងារ ដែលកន្លងមកនេះ យើងបានសម្រេចលទ្ធផលសំខាន់ៗដូចខាងក្រោម៖
– បានដាក់ឱ្យប្រើប្រាស់នូវផែនការមេលើកទី២ ស្តីពីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០១៨-២០២២ដែលជាផែនទីចង្អុលផ្លូវក្នុងអភិវឌ្ឍវិស័យសុវត្ថិភាព និងសុខភាពការងារនៅក្នុងប្រទេសកម្ពុជា
– បានបន្តយន្តការនៃគណៈកម្មាធិការជាតិសុវត្ថិភាព និងសុខភាពការងារ ដើម្បីសម្របសម្រួល និងផ្តល់យោបល់ដើម្បីពង្រឹងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារ ថ្នាក់ជាតិ និងសហគ្រាស គ្រឹះស្ថាន
– បានកែលម្អប្រព័ន្ធអធិការកិច្ចការងារឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាព តាមរយៈការកែលម្អរបាយការណ៍អធិការកិច្ចការងារ ការពង្រឹងសមត្ថភាពមន្ត្រីទទួលបន្ទុកអធិការកិច្ចការងារ និងការបង្កើនការចុះអធិការកិច្ចការងារបន្ថែមទៀតទៅដល់វិស័យសំណង់ ឡឥដ្ឋ និងសេវាកម្សាន្ត
– បានដាក់ចេញនូវផែនយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈឆ្នាំ២០១៩-២០២៣ ដែលសុវត្ថិភាព និងសុខភាពការងារស្ថិតនៅក្នុងកម្មវិធីទី១ “ការអភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ” ដែលផ្តល់នូវកាលានុវត្ត ជាយុទ្ធសាស្រ្ត ដើម្បីពង្រឹងលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ជាពិសេសការរៀបចំច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារ ជំរុញ និងលើកទឹកចិត្តដល់សហគ្រាស គ្រឹះស្ថានដែលអនុវត្តតាមបទដ្ឋានការងារស្នូលសុវត្ថិភាព និងសុខភាពការងារ។
– សហការជាមួយទីភ្នាក់ងារជាតិសុខភាព និងសុវត្ថិភាពការងារកូរ៉េ ដើម្បីចាប់ផ្តើមសិក្សា និងរៀបចំ សេចក្តីព្រាងច្បាប់ស្តីពីសុខភាព និងសុវត្ថិភាពការងារ
– បន្តកិច្ចសហការជាមួយគម្រោងលើកកម្ពស់ស្តង់ដា សុខភាព និងសុវត្ថិភាពការងារ នៃអង្គការអន្តរជាតិខាងការងារ (ILO/OSH Project) នូវផែនការសកម្មភាពដូចខាងក្រោម៖
-បន្តរៀបចំគោលនយោបាយជាតិស្តីពីសុខភាព និងសុវត្ថិភាពការងារ និង កម្រងព័ត៌មានជាតិស្តីពីសុខភាព និងសុវត្ថិភាពការងារ
-ពិនិត្យមើលនូវការវាយតម្លៃការអនុវត្ត ផែនការមេលើកទី២ ស្តីពីសុខភាព និងសុវត្ថិភាពការងារ (២០១៨ – ២០២២)
-បង្កើតនូវបញ្ជីផ្ទៀងផ្ទាត់ ស្តីពីការកែលម្អរបៀបធ្វើការ នៅក្នុងការដ្ឋានសំណង់ខា្នតធំ និងមធ្យម
-បន្ថែមវគ្គបណ្តុះបណ្តាលបំប៉នគ្រូបង្គោលស្តីពី WISCON៕