ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា បានអះអាងថា ការចាប់ផ្តើមពង្រឹងការអនុវត្តច្បាប់ចរាចរណ៍នៅថ្ងៃទី០១ ខែឧសភាស្អែកនេះ គឺមិនមែនជាវិធានការដើម្បីដាក់បន្ទុកលើប្រជាពលរដ្ឋនៅក្នុងស្ថានភាពលំបាកនៃជំងឺកូវីដ-១៩នោះទេ ប៉ុន្តែគឺដើម្បីសេចក្ដីសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
ការលើកឡើងរបស់សម្តេចក្រឡាហោមនេះគឺធ្វើឡើងក្នុងកិច្ចប្រជុំពិនិត្យសេចក្ដីព្រាង សេចក្ដីណែនាំស្ដីពីតួនាទីភារកិច្ច និងរបៀបរបបការងាររបស់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក ឬអង្គភាពប្រហាក់ប្រហែលចំណុះក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នាទីស្ដីការក្រសួងមហាផ្ទៃ បន្ទាប់ពីមានការរិះគន់ពីសំណាក់មជ្ឈដ្ឋានមួយចំនួនដែលបានលើកឡើងពាក់ព័ន្ធនឹងការអនុវត្តអនុក្រឹត្យថ្មីស្ដីពីការផាកពិន័យចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដែលមានការបង្កើនកម្រិតទឹកប្រាក់ផាកពិន័យ ហើយ សមត្ថកិច្ចនឹងចាប់ផ្ដើមអនុវត្តន៍ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ស្របពេលដែលប្រជាពលរដ្ឋបាននិងកំពុងប្រឈមនឹងបញ្ហាជីវភាព ខណៈដែលនៃការផ្ទុះឡើងនូវជំងឺកូវីដ-១៩ នៅ លើពិភពលោក ក៏ដូចជានៅកម្ពុជាបច្ចុប្បន្ននេះ។
សម្តេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា វិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ គឺដាក់ចេញដើម្បីឆ្លើយតបនឹងភាពអាសន្ននៃគ្រោះថ្នាក់ចរាចរណ៍ដែលមានកំណើនយ៉ាងគំ ហុកកាលពីឆ្នាំកន្លងទៅ បានបណ្ដាលឱ្យមានអ្នកស្លាប់ របួស ពិការ បង្កឱ្យមានកុមារកំព្រា និងការវិនាសព្រាត់ប្រាស់ក្នុងគ្រួសារ ទាំងនៅក្នុងស្ថានភាពដែលប្រទេសជាតិ បានចាកផុតពីភ្លើងសង្គ្រាម មានសន្តិភាព និងការអភិវឌ្ឍទៅហើយនោះ។ សម្ដេចក្រឡាហោមបានគូសបញ្ជាក់ថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសម្រេចកំណត់យកឆ្នាំ២០២០នេះ ជាឆ្នាំបង្កើនការរឹតបន្តឹងការអនុវត្តច្បាប់ជាងបណ្ដាឆ្នាំណាៗទាំងអស់ ដែលវិធានការនេះមិនមែនជាការដាក់បន្ទុកលើប្រជាពលរដ្ឋនៅក្នុងស្ថានភាពលំបាកនៃជំងឺកូវីដ-១៩នោះទេ ប៉ុន្តែគឺដើម្បីសេចក្ដីសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
សម្ដេចក្រឡាហោមបានបន្ដថា សមត្ថកិច្ចនឹងមិនឃាត់ដំណើរបងប្អូនជនរួមជាតិដែលធ្វើដំណើរប្រកបដោយការគោរពច្បាប់ ដើម្បីសួរនាំរកឯកសារនោះទេ។ សម្តេចក្រឡាហោមបានអះអាងថា បងប្អូនអ្នកត្រឹមត្រូវគឺអាចធ្វើដំណើរបានដោយរលូន លើកលែងតែបានធ្វើដំណើរដោយបំពានច្បាប់ ត្រង់ចំណុចណាមួយ ដូចជាមិនពាក់មួកសុវត្ថិភាព ឬបំពានភ្លើងសញ្ញា ទើបសមត្ថកិច្ចឃាត់មិនឱ្យធ្វើដំណើរ ហើយចាប់ផ្ដើមសួរនាំរកឯកសារ៕