ខេត្តកំពង់ចាម ៖ លោក ហេង វណ្ណនី អភិបាលរងខេត្តតំណាងលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តនាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការត្រួតពិនិត្យវាយតម្លៃការរៀបចំតាំងទីលំនៅថ្មីរបស់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយកត្តាធម្មជាតិការបាក់ស្រុតច្រាំងទន្លេ ក្នុងខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីជំនាញ ថ្នាក់ដឹកនាំ មន្ទីរអង្គភាពពាក់ព័ន្ធ និងរដ្ឋបាលក្រុង-ស្រុកដែលពាក់ព័ន្ធផងដែរ។
លោក ហេង វណ្ណនី អភិបាលរងខេត្តបានឲ្យដឹងថា ពាក់ព័ន្ធនឹងករណីគ្រោះធម្មជាតិសម្រាប់ខេត្តកំពង់ចាមមានក្រុង-ស្រុកចំនួន៦លើ១០ក្រុង-ស្រុក ដែលទទួលរងផលប៉ះពាល់ដោយសារការបាក់ស្រុតច្រាំងទន្លេ ជារៀងរាល់ឆ្នាំដែលក្នុងនោះរួមមាន នៅក្នុងស្រុកស្ទឹងត្រង់មានចំនួន៥ឃុំ ស្រុកកំពង់សៀម មានចំនួន៦ឃុំ ស្រុកកោះសូទិនមាន៤ឃុំ ក្រុងកំពង់ចាមមាន១សង្កាត់ ស្រុកកងមាសមាន៥ឃុំ និងស្រុកស្រីសន្ធរមាន៥ឃុំផងដែរ។
លោក អភិបាលរងខេត្តបានបញ្ជាក់ថា ពាក់ព័ន្ធនឹងគ្រោះធម្មជាតិនេះដែរ ជាក់ស្តែងក្នុងឆ្នាំ២០១៩ កន្លងទៅ ខេត្តកំពង់ចាម ទទួលរងផលប៉ះពាល់ដោយសារការបាក់ស្រុតច្រាំងទន្លេមានប្រវែងប្រមាណជា២២.១៧៦ម៉ែត្រ និងទទឹងចាប់ពី៥ ទៅ៣០ម៉ែត្រ បណ្តាលឲ្យរុះរើផ្ទះចំនួន១២២ខ្នង ក្នុងនោះផ្ទះចំនួន២១ខ្នង ពុំទាន់បានសាងសង់ឡើងវិញនៅឡើយទេ និងផ្ទះដែលប្រឈមនឹងការរុះរើមានរហូត ចំនួន៥៥៩ខ្នង និងសាលាឃុំ១កន្លែង ហើយក៏មានការប៉ះពាល់ដល់ហេដ្ឋាចរនាសម្ព័ន្ធ និងផ្ទៃដីកសិកម្ម របស់បងប្អូនប្រជាពលរដ្ឋមួយចំនួនផងដែរ ៕ ដោយ ៖ ប៉ែន សុផល