ភ្នំពេញ ៖ សម្រាប់ប្រទេសកម្ពុជា សហគមន៍ពុទ្ធសាសនា គិតមកដល់ពេលនេះ មិនទាន់មានសង្ឃអង់ណាឆ្លងជំងឺកូវីដ១៩នោះឡើយ បើទោះជាសហគមន៍ពុទ្ធសាសនា នៅក្នុងប្រទេសកម្ពុជា ត្រូវគេមើលឃើញថា មានការប្រឈមខ្លាំងបំផុត ចំពោះនៃការឆ្លងជំងឺកូវីដ ១៩ ដោយសារការរស់នៅរួមគ្នាក្នុងសហគមន៍ ឆាន់រួមគ្នា ក្នុងពិធីបុណ្យសាសនានីមួយៗមានមនុស្សចួលរួមច្រើន សម្ភារៈប្រើប្រាស់មួយចំនួនរួមគ្នា ដែលជាបង្កហានិភ័យ និងងាយឆ្លងបំផុត។
លោក សេង សុមុនី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្សក្រសួងធម្មការ និង សាសនា បានថ្លែងឱ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មាន ស្តីពី បច្ចុប្បន្នភាព នៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ របស់សហគមន៍ ពុទ្ធសាសនា ដែលបានធ្វើនៅទីស្តីការគណៈរដ្ឋមន្រ្តីនារសៀលថ្ងៃទី៣០ខែមេសានេះថា ជាការពិតនៅក្នុងវិស័យពុទ្ធសាសនានៅកម្ពុជា មានបញ្ហាប្រឈមជាច្រើន ដែលងាយឆ្លងជំងឺកូវីដ១៩ព្រោះថា រាល់អាហារភោជនទាំងឡាយ គឺអាស្រ័យការផ្តល់ពីបរិស័ទខាងក្រៅ មានការជួបជុំគ្នា ក្នុងបុណ្យទាននានាឬថ្ងៃសិលជាដើម។ ប៉ុន្តែបញ្ហានេះ ព្រះសង្ឃកម្ពុជា បានអនុវត្តយ៉ាងខ្ជាប់ខ្ជូន តាមពុទ្ធបញ្ញត្តិ គឺត្រូវរស់នៅស្អាត មានអនាម័យល្អ ជាពិសេសបានស្វែងយល់អំពីបញ្ហាជំងឺកូវីដ១៩ ដែលកំពុងតែរាតត្បាតដ៏កាចសាហាវនៅលើពិភពលោកនាពេលបច្ចុប្បន្ន លើសពីនេះក៏ទទួលបានការផ្សព្វផ្សាយ អប់រំ នូវវិធាននានារបស់ក្រសួងសុខាភិបាល ហើយថ្នាក់ដឹកនាំសង្ឃក៏បានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និង ក្រសួងធម្មការនិងសាសនាបន្តផ្សព្វផ្សាយដល់ព្រះសង្ឃគ្រប់វត្តទូទាំងប្រទេស ឱ្យចូលរួមអនុវត្តនិងចូលរួមទុបស្កាត់ការរីករាយលដាលនៃជំងឺផ្លូវដង្ហើមថ្មីនេះ។
ជាមួយគ្នានោះ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បូរ គ្រី សម្តេចព្រះសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា បានព្រះរាជបន្ទូលថា ចំពោះបញ្ហារាតត្បាតនៃជំងឺនេះ ព្រះសង្ឃបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការបន្តជួយផ្សព្វផ្សាយ ដល់ព្រះសង្ឃ និងពុទ្ធបរិស័ទទូទាំងប្រទេស តាមចំណាត់ការរបស់រាជរដ្ឋាភិបាល។
ចំណែកសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋាន គណសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះថិរដិការថា ទាក់ទិននឹងបញ្ហាជំងឺកូវីដ១៩នេះ បើទោះជាព្រះសង្ឃស្ថិត នៅលើប៉ាវច្ចនាជាតិក៏ដោយ ក៏ព្រះសង្ឃត្រូវតែអនុវត្តតាមច្បាប់រដ្ឋ ហើយបើមានអ្វីដែលរដ្ឋត្រូវការ ព្រះសង្ឃអាចជួយបាន ក៏ត្រូវតែបរិច្ចាកភ្លាមផងដែរ។ លើសពីនេះ ព្រះសង្ឃទាំងអស់ ក៏បានស្វែងយល់អំពីបញ្ហាជំងឺកូវីដ១៩ តាមការណែនាំរបស់ស្ថាប័នជាតិ និងអន្តរជាតិផងដែរ។
សូមបញ្ជាក់ផងដែរ នៅក្នុងព្រះរាជាណចក្រកម្ពុជា មានវត្តសរុបចំនួន ៥០២៤វត្ត មានព្រះសង្ឃសរុបចំនួន ៧១៦១០ អង្គ ក្នុងនោះ គណរដ្ឋនិកាយធម្មយុត្តខ្មែរមាន៖ ២៥២វត្ត និងមានព្រះសង្ឃសរុបចំនូន៤៩៥២អង្គ៕