បន្ទាយមានជ័យ ៖ លើផ្លូវជាតិលេខប្រាំចំនុចស្រះអ៊ិនតាំ ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ កម្លាំងនគរបាលដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ អាត់ ខែម ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ លោកឧត្តមសេនីយ៍ ង៉ាន់ ចិន្ដា ស្នងការរងទទួលបន្ទុកសាធារណះ ចុះអនុវត្តអនុក្រឹតលេខ ៣៩ ស្តីពីការពិន័យអន្តរការណ៏ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៏ផ្លូវគោកនាថ្ងៃទី ១ ឩសភា ២០២០។
នេះជាឱសានវាទនៃការអនុគ្រោះចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៏ផ្លូវគោកនេះបើតាមការបញ្ជាក់របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ។
ឯកឧត្តម បានបន្តថា ក្នុងថ្ងៃដំបូងនេះ នគរបាលចរាចរណ៍ផ្លូវគោកខេត្តនិងស្រុកកក្រុងបានដាក់គោកដៅរឹតបន្តឹងការអនុវត្តន៍ចរាចរណ៍ផ្លូវគោក៩កន្លែង។ គឺនៅថ្នាក់ខេត្តបូកនឹងក្រុងសិរីសោភ័ណ ១កន្លែងលើផ្លូវជាតិលេខ៥ ដោយធ្វើការត្រួតពិនិត្យលើយានយន្តគ្រប់ប្រភេទ ។
និង១កន្លែងៗនៅលើផ្លូវជាតិនិងផ្លូវខេត្តនៃ៨ស្រុកក្រុងទៀត ដោយត្រួតពិនិត្យតែលើម៉ូតូសិន។
ឯកឧត្តម ស្នងការបន្ថែមថា: អ្នកបើបរត្រូវមានឯកសារចាំបាច់បំផុតដែលត្រូវមានក្នុងពេលបើកបរក្នុងពេលដែលសមត្ថកិច្ចកំពុងរឹតបន្តឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមបងប្អូនប្រជាពលរដ្ឋ និងក្មួយៗយកចិត្តទុកដាក់ពិនិត្យរថយន្តរបស់ខ្លួនថាតើដល់ថ្ងៃឆៀកហើយឬនៅ? បើដល់ហើយត្រូវយកទៅឆៀកអោយបានទាន់ពេល ចៀសវាងការផាកពិន័យក្នុងពេលបើកបរ។ ព្រោះតម្រូវការឆៀកនេះ គឺដើម្បីធានាសុវត្ថិភាពរថយន្តរបស់បងប្អូនក្នុងពេលបើកបរមិនបង្កគ្រោះថ្នាក់ផ្សេងៗ និងបង្កការបំពុលបរិស្ថានជាដើម។
ទន្ទឹមនឹងនេះដែរ បងប្អូនត្រូវមានប័ណ្ណបើកបរជាប់នឹងខ្លួនគ្រប់ពេលក្នុងពេលបើកបរ។ ប្រសិនបើប័ណ្ណបើកបរផុតកំណត់ គឺត្រូវបន្តសុពលភាពឡើងវិញ។ ហាមដាច់ខាតបញ្ជាយានយន្តនៅលើដងផ្លូវដោយគ្មានប័ណ្ណបើកបរ ឬប័ណ្ណបើកបរផុតកំណត់ដោយមិនបានបន្តអោយបានត្រឹមត្រូវតាមច្បាប់ ដែលអាចប្រឈមនឹងការផាកពិន័យធ្ងន់។
សូមជូនពរបងប្អូនជនរួមជាតិមានសុវត្ថិភាពក្នុងការបើកបរនៅទូទាំងប្រទេស ហើយសូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕