ភ្នំពេញ ៖ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ដែលថ្ងៃដំបូងនៃការអនុវត្តន៍រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក (ចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង៤រៀសល) សមត្ថកិច្ចនគរបាលចរាចរណ៍អនុវត្តច្បាប់ទូទាំងប្រទេស បានរកឃើញយានយន្តល្មើសច្បាប់២,៦៥៨គ្រឿង ក្នុងនោះមានម៉ូតូ ២១៩៨គ្រឿង និងរថយន្ត៤៦០គ្រឿង។ នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានឲ្យដឹងថា ក្នុងចំណោមម៉ូតូល្មើសច្បាប់ ២១៩៨គ្រឿងមាន៖ អត់មួក ១៩១០គ្រឿង, អត់កញ្ចក់ ១៦៥គ្រឿង, ល្មើសសញ្ញាចរាចរណ៍ ៦៥គ្រឿង, ដឹកលើសចំណុះ២គ្រឿង, អត់ស្លាកលេខ ១៣២គ្រឿង, ប្រើទូរស័ព្ទពេលបើកបរ ៥គ្រឿង និងបទល្មើសផ្សេងៗ ៨៤គ្រឿង។
សម្រាប់រថយន្តល្មើសមានចំនួន ៤៦០គ្រឿង ក្នុងនោះរថយន្តធុនស្រាល៣៩៤គ្រឿង និងរថយន្តធុនធ្ងន់ ៦៦គ្រឿង៖ បើកល្មើសល្បឿន ៥៥គ្រឿង, អត់បណ្ណបើកបរ ៣២គ្រឿង, ល្មើសសញ្ញាចរាចរណ៍ ១០គ្រឿង, អត់ពាក់ខ្សែក្រវាត់ ២៦៣គ្រឿង, ដឹកលើសចំណុះ៨គ្រឿង, អត់ស្លាកលេខ ១៤គ្រឿង, ប្រើទូរស័ព្ទពេលបើកបរ ៣គ្រឿង និងបទល្មើសផ្សេងៗ ៧៥គ្រឿង។
សភាពការណ៍ជារួម ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យលេខ ៣៩ មានដំណើរការយ៉ាងរលូន និងពុំមានបាតុភាពអ្វីគួរឲ្យគត់សម្គាល់ទេ។ ដោយឡែក សម្រាប់ក្របខ័ណ្ឌក្នុងរាជធានីភ្នំពេញ សមត្ថកិច្ចបានឃាត់រថយន្ដ និងម៉ូតូ ល្មើសសរុបចំនួន ១,៣២២គ្រឿង ក្នុងនោះរួមមាន ម៉ូតូ ១,១៧៤គ្រឿង និងរថយន្ដ ១៤៨គ្រឿង។
ក្នុងចំណោមអ្នកជិះម៉ូតូល្មើសច្បាប់ទាំង១,១៧៤គ្រឿងនោះ មានអត់មួកចំនួន ១,០៨១គ្រឿង, អត់កញ្ចក់ចំនួន ១៦គ្រឿង, អត់ផ្លាកលេខចំនួន ១៣គ្រឿង, ល្មើសសញ្ញាចរាចរចំនួន ៦៣គ្រឿង និងនិយាយទូរស័ព្ទចំនួន ០១គ្រឿង។ សម្រាប់រថយន្តចំនួន ១៤៨គ្រឿង ល្មើសរួមមាន អត់ពាក់ខ្សែក្រវ៉ាត់ចំនួន ៩៥គ្រឿង, បញ្ច្រាសទិសចំនួន ១៤គ្រឿង, អត់ផ្លាកលេខចំនួន ៤គ្រឿង , និយាយទូរស័ព្ទចំនួន ១២គ្រឿង, អត់ប័ណ្ណសំគាល់យានចំនួន ០៧គ្រឿង, ល្មើសសញ្ញាចរាចរចំនួន ១១គ្រឿង , សំពីងសំពោងចំនួន ០៣គ្រឿង និងហួសឈៀកចំនួន ០២គ្រឿង៕