ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​​សួរ​សុខទុក្ខ​បុរសម្នាក់ធ្លាក់ខ្លួនពិការដោយសារគ្រោះថ្នាក់ចរាចរណ៍ ហើយ​ជីវភាពត្រូវបានផ្លាស់ប្ដូរ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 May, 2020 ក+ ក-

កំពង់ចាម ÷ ពិតជាគួរឲ្យ​សង្វេគ​ណាស់ពេលខ្ញុំ​បានទៅជួបផ្ទាល់​ ជាមួយ​ប្អូន​ប្រុស​ ពិការ​ភាព​​ ដើរមិនរួច​ ដោយសារ​តែគ្រោះថ្នាក់ចរាចរណ៏​ ហើយ​ជីវភាព​ក៏មានការផ្លាស់ប្ដូរ ប្រពន្ធក៏ដាច់ចិត្តចាកចេញ​ បន្សល់​ទុកកូនប្រុសអាយុ៨ឆ្នាំ​ គ្មានលទ្ធភាពសូម្បីបញ្ជូនកូនទៅសាលារៀន​ និងត្រូវនៅជួយមេីលថែទាំ​ឪពុករបស់​ខ្លួន​ទៀត​ ការ​លេីក​ឡើង​យ៉ាង​ដូច្នេះ​បន្ទាប់​ពី​ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម អមដំណើរ​ដោយ​សហការី នារសៀល​ថ្ងៃ​ទី​២​ ខែឧសភា​ ឆ្នាំ​២០២០នេះ​ បាន​អញ្ជើញ​នាំយកអំណោយ របស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ប្រគល់​ជូន​ប្រជាពលរដ្ឋ​ ​​ជួប​ទុក្ខ​លំបាក០១គ្រួសារ ដែល​មាន​ឈ្មោះ ឈុន រិន ភេទប្រុស អាយុ៤៤ឆ្នាំ ពិការភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ (ពោះម៉ាយ) មានកូនប្រុសអាយុ៨ឆ្នាំម្នាក់នៅមើលថែទាំ និងស្នាក់នៅជាមួយម្ដាយបង្កើត ដែលមានសមាជិកគ្រួសារចំនួន៨នាក់ នៅ​ភូមិតាប៉ោង៣ ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម​ ព្រមទាំង​បានធ្វេីការទំនាក់ទំនង​ទៅមន្ទីរពេទ្យ ដេីម្បីពិគ្រោះបញ្ហាជំងឺរបស់គាត់ ក្រែងអាចមានវិធីជួយសម្រួលដល់ការព្យាបាលឲ្យបានល្អប្រសេីរជាងនេះ​ផងដែរ​។

បន្ទាប់ពីការសំណេះសំណាលសួរសុខទុក្ខ​ លោក​ ឈុន​ រិន​ ដែលជាជនពិការភាព​ ក៏បានគោរពថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់​ ពិសេស​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​​ សន្តិបណ្ឌិត អគ្គ​ស្នង​នគរបាល​ជាតិ​ លោកឧត្តមសេនីយ៍ស្នងការ​នគរបាលខេត្តកំពង់ចាម និងសហការី​ ដែលបានអញ្ជេីញដោយផ្ទាល់​ និងបាននាំយកថវិកា សម្ភារៈ​ប្រេីប្រាស់​ គ្រឿងឧបភោគបរិភោគមួយចំនួន​ ដេីម្បីជួយសម្រួលដល់ការលំបាករបស់ខ្លួន​ ។

ឆ្លៀត​ក្នុងឱកាសនោះដែរ​ លោក​ឧត្តមសេនីយ៍​ស្នងការ​ ក៏បាន​ធ្វើ​ការ​អំពាវនាវដល់​សាធារណជន​ បងប្អូន​ប្រជាពលរដ្ឋ​​ទាំងអស់​ ដែលបានធ្វេីចរាចរណ៏តាមដងផ្លូវ​ ត្រូវចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យបានគ្រប់ៗគ្នា ព្រោះ​ការ​ចូលរួមការពារ ប្រសេីរជាងព្យាបាល​។

គួរ​បញ្ជាក់​ផង​ដែរថា​ អំណោយ​ដែល​ត្រូវ​ប្រគល់​ជូន​នាឱកាស​នោះ​ រួមមាន ថវិកា ចំនួន៨០០,០០០រៀល, អង្ករ ០២បេ (១០០គីឡូ), មី ០៤កេស, ទឹកសុទ្ធ ០២កេស, ទឹកផ្លែឈើ ០២កេស, ទឹកត្រី ០២យួរ, ទឹកស៊ីអុីវ ០២យួរ, ត្រីខ ០២យួរ, ក្រម៉ា ០៥, ម៉ាស់៥០ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត សរុបជាថវិកាចំនួន១,៦២០,០០០រៀល​ ផងដែរ​ ៕ ដោយ ប៉ែន សុផល