ភ្នំពេញ ៖ បើទោះបីជាជំងឺកូវីដ ១៩នេះ បានផ្ទុះឡើងរយៈពេលជិតកន្លះឆ្នាំមកហើយក្ដី តែខាងវេជ្ជសាស្ត្រនានា រួមទាំងអង្គការសុខភាពពិភពលោកនៅតែមិនទាន់រកឃើញថ្នាំវ៉ាក់សាំងសម្រាប់ចាក់ការពារជំងឺនេះនៅឡើយ វាហាក់ដូចជានៅឆ្ងាយបន្តិច ។
បើតាមតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាលោកស្រីវេជ្ជបណ្ឌិត Li Ailen បានមានប្រសាសន៍ថា ថ្វីត្បិតតែជំងឺកូវីដ ១៩នេះ មានការធូរស្រាលនៅបណ្ដាប្រទេសមួយចំនួន នៅតែមានស្ថានភាពធ្ងន់ធ្ងរសម្រាប់ប្រទេសមួយចំនួនទៀតក្ដី តែចំពោះវ៉ាក់សាំងសម្រាប់ការពារជំងឺកូវីដ ១៩នេះនៅឡើយ ។
លោកស្រីបន្តថា សម្រាប់វ៉ាក់សាំងជំងឺកូវីដ១៩នេះ វាមិនអាចចេញនៅពេលឆាប់ៗនេះទេ វានឹងអាចចេញនៅរយៈពេល១២ខែ ទៅ១៨ខែ ក៏ប៉ុន្តែពេលវេលានេះ អាចនឹងមានការប្រែប្រួលទៅតាមស្ថានភាពជាក់ស្ដែង ។
គួរបញ្ជាក់រហូតមកដល់ពេលនេះ អ្នកឆ្លងមេរោគកូវីដ១៩ ទូទាំងពិភពលោក មានជាង៣លាននាក់ ក្នុងនោះអាមេរិកមានអ្នកផ្ទុកកូវីដ ១៩ច្រើនជាងគេ ខណៈប្រទេសចិនទីដែលផ្ទុះជំងឺកូវីដ ១៩ បានធ្លាក់ចុះអ្នកឆ្លងពីចំណាត់ថ្នាក់ប្រទេសទាំង១០ ឆ្លងកូវីដ ។សម្រាប់កម្ពុជា គិតត្រឹមថ្ងៃទី០៤ ឧសភា ២០២០ មានអ្នកផ្ទុកកូវីដ១៩ ចំនួន១២២នាក់ ក្នុងនោះមានអ្នកជាសះស្បើយសរុបចំនួន១២០នាក់ និងកំពុងសម្រាកព្យាបាល២នាក់ និងមិនមានករណីស្លាប់នោះទេ ៕
តំណាង WHO ៖ វ៉ាក់សាំងកូវីដ ១៩ អាចនឹងរួចរាល់នៅរយៈពេលពី១ឆ្នាំ ទៅ១ឆ្នាំកន្លះ