បើកការដ្ឋានស្ថាបនាផ្លូវ៣ខ្សែនៅស្រុកមង្គលបូរី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 May, 2020 ក+ ក-

បន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ២០២០ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពពិធីបើកការដ្ឋានស្ថាបនាផ្លូវចាក់កៅស៊ូចំនួន ៣ ខ្សែ ក្នុងស្រុកមង្គលបូរី ដោយត្រូវចំណាយថវិកាស្ថាបនាដោយមូលនិធិខេត្តបន្ទាយមានជ័យ។

លោក រដ្ឋ ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានឲ្យដឹងថា ៖ ការបើកការដ្ឋានស្ថាបនាផ្លូវ ៣ ខ្សែនេះរួមមានផ្លូវ ក្នុងភូមិនាងកេត ឃុំឬស្សីក្រោក ១ខ្សែប្រវែង ១៦៣៦ម៉ែត្រ ចាក់កៅស៊ូនិងប្រវែង ២០០០ ម៉ែត្រ តភ្ជាប់ដល់ឃុំបត់ត្រង់ ក្រាលគ្រួសក្រហម ខ្សែទី ២ ពីភូមិសំរោង តភ្ជាប់ដល់ភូមិអញ្ចាញ ឃុំឬស្សីក្រោក ប្រវែង ២៤៤០ ម៉ែត្រ ក្រាលនៅកៅស៊ូ និង១ ខ្សែទៀត ពីភូមិជំទាវ តភ្ជាប់ទៅដល់ឃុំតាឡំ ប្រវែង ២០០០ ម៉ែត្រ ក្រាលកៅស៊ូ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ៖ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរខេត្តបូករួមជាមួយអង្គភាពពាក់ព័ន្ធ បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការបម្រើនិង ដោះស្រាយបញ្ហា នៅមូលដ្ឋានជាអទិភាពខ្ពស់។ ឯកឧត្តមបន្តថា ៖ ក្រោមការដឹកនាំរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកផ្លូវថ្នល់ជាវិស័យអទិភាពខ្ពស់មានសារៈសំខាន់ ហើយបាននិង កំពុងប្រែក្លាយជាបណ្តើរៗ ផ្លាស់ប្តូរពីផ្លូវដីមកជាផ្លូវក្រាលគ្រួសថ្មមិច ហើយកំពុងផ្លាស់ប្តូរមកជាចាក់កៅស៊ូ ឬ ចាក់បេតុង ស្របតាមគោលការណ៏ជាយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាល ដូចនេះផ្លូវជាសរសៃរឈាមសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់បម្រើផល ប្រយោជន៏ប្រជាពលរដ្ឋសង្គមជាតិ មានផ្លូវមានក្តីសង្ឃឹម និងមានការរីកចម្រើន។

ចុងក្រោយ ឯកឧត្តមអភិបាលខេត្ត បានធ្វើការផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមសហការណ៍ដូចជា កាប់ដើមឈើ បង្ខិតរបង ដើម្បីផ្លូវបានធំទូលាយ ហើយម្យ៉ាងទៀតសូមហាមរថយន្តដឹកនាំទំនិញធុនធ្ងន់ ឆ្លងកាត់បញ្ជៀសការខូចខាតផ្លូវប្រើប្រាស់មិនបានយូរ ហើយពិសេសជៀសនេះទៀត សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តបន្តទៀត ក្នុងការប្រយុទ្ធប្រឆាំងនូវការឆ្លងរីករាលដាលនូវមេរោគកូរ៉ូណា កូវីដ ១៩៕