អង្គភាពហេឡូត្រាសទទួលយកគ្រាប់មិនផ្ទុះចំនួន១៥គ្រាប់ដែលបន្សល់ទុកតាមបន្ទាត់ព្រំដែន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 May, 2020 ក+ ក-

ខេត្តបន្ទាយមានជ័យ ៖  នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នេះ អង្គភាពហេឡូត្រាស់ ប្រចាំខេត្តបន្ទាយមានជ័យ បានទទួលយកគ្រាប់មិនទាន់ផ្ទុះចំនួន១៥គ្រាប់ពីនគរបាលការពារព្រំដែន ៨០៧ បឹងត្រកួន ដើម្បីយកទៅកំទេចចោល។ គ្រាប់មិនទាន់ផ្ទុះទាំង១៥គ្រាប់ត្រូវបាន  ប្រជាពលរដ្ឋប្រទះឃើញ នៅចំណុចចម្ងាយពីបង្គោលសីម៉ាលេខ៣២ប្រហែល ១៧០ម៉ែតតាមបន្ទាត់ព្រំដែនកម្ពុជា -ថៃ ស្ថិតក្នុងភូមិអូរកំបុត ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនលេខ៨០៧ បានឲ្យដឹងថា នៅវេលាម៉ោង០៨ និង៤០នាទីព្រឹកថ្ងៃទី១១ខែឧសភា ឆ្នាំ២០២០ មានប្រជាពលរដ្ឋ ឈ្មោះ ជុំ រស្មី អាយុ៥៣ឆ្នាំ រស់នៅភូមិអូរកំបុត ឃុំគោករមៀត ស្រុកថ្មពួក  ខេត្តបន្ទាយមានជ័យ បានភ្ជួរដីធ្វើចំការ ក៏បានប្រទះឃើញ  ហើយរាយការណ៍មកកម្លាំងនគរបាលការពារព្រំដែនប៉ុស្តិ៍អូរកំបុត។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលការពារព្រំដែនប៉ុស្តិ៍អូរកំបុត បានសហការជាមួយកម្លាំងសំអាតមីនអង្គភាពហេឡូត្រាស ចុះទៅពិនិត្យជាក់ស្តែងរួចក៏បានធ្វើការប្រគល់គ្រាប់មីនទាំងនោះ ទៅកម្លាំងសំអាតមីនអង្គភាពហេឡូត្រាស យកទៅធ្វើការបំផ្លាញចោល បញ្ចៀសការគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។

លោក ឡុង សំណាង បានញ្ជាក់ផងដែរថាគ្រាប់មិនទាន់ផ្ទុះទាំងនេះគឺជាគ្រាប់ដែលកប់ចោល បន្សល់ទុកក្នុងអំឡុងប្រទាញប្រទង់គ្នារវាងកងទ័ពរាជរដ្ឋាភិបាលជាមួយកងទ័ពតស៊ូរបស់ខ្មែរក្រហម។ហើយគ្រាប់ទាំងនេះផងដែរត្រូវបានគេដាក់នៅរាយប៉ាយពាស់ពេញដីដើម្បីប្រឆាំងមនុស្ស។គ្រាប់នៅមានច្រើនទៀត ដូច្នេះបើបងប្អូនជួបប្រទះត្រូវតែរាយការណ៍បន្ទាន់មកអាជ្ញាធរមូលដ្ឋានឬសមត្ថកិច្ចដើម្បីមានវិធានការសំអាតកំទេចចោល៕