ខេត្តតាកែវ ៖ អាជ្ញាធរមានសមត្ថកិច្ច ដឹកនាំដោយលោកប្រធានមន្ទីរធម្មការ នឹងចុះទៅវត្តភ្នំបូរី ក្នងស្រុកអង្គបូរី ដើម្បីធ្វើកំណត់ហេតុ និងឃាត់ខ្លួនព្រះតេជគុណ ឡុង ចន្ថា ប្រសិនបើមិនគោរពតាមការសន្យាគិតត្រឹមម៉ោង ៥និង៣០នាទីល្ងាចថ្ងៃទ១៤ ខែឧសភា នេះ ។ នេះជាការបញ្ជាក់របស់លោក ជួង វ៉ាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តតាកែវ នៅរសៀលថ្ងៃទី១៤ ខែឧសភា នេះ។
គណៈកម្មធិកាអាច្យារវត្តភ្នំបូរី ស្រុកអង្គបូរី និយាយថា ព្រះសង្ឃ ឡុង ចន្ថា មិនបានគង់ក្នុងវត្តភ្នំបូរីនេះ ដើម្បីសឹកតបតាមការសរសេលាយលក្ខណ៍អក្សរដែលព្រះអង្គសរសេរផ្ទាល់ដៃ ថា នឹងសឹកនៅថ្ងៃទី១៤ ខែឧសភា នេះឡើយ ។
លោក សំរិទ្ធ ស៊ុន បានប្រាប់ថា ភិក្ខុ ឡុង ចន្ថា ត្រូវបានក្រុមគ្រួសារនាំចេញពីវត្តនេះ បីថ្ងៃកន្លងមកហើយ ប្រហែលជានាំទៅវត្តមួយដែលលោកបានបួសកាលពីនៅតូច នៅក្នុងស្រុកបូរីជលសារ។
សូមបញ្ជាក់ថា ភិក្ខុ ឡុង ចន្ថា គង់នៅវត្តភ្នំបុរី ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវ កាលពីរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ បានសម្រេចចិត្តលាចាកសិក្ខាបទដោយខ្លួនឯង បន្ទាប់ពីមានការបែកធ្លាយវីដេអូ ឆាតញ៉ែស្រីម្នាក់ ប្រើពាក្យលែបខាយក្នុងន័យស្នេហាតាម Facebook ។ ក្នុងកិច្ចសន្យាដែលបានធ្វើឡើងនៅវត្តតុំ ជាវត្តព្រះមេគណ មានទីតាំងនៅភូមិតុំ សង្កាត់រកាក្រៅ ស្រុកដូនកែវ បព្វជិត ឡុង ចន្ថា បានថ្លែងថា បើគិតជាទោសក្នុងព្រះវិន័យ មិនដល់ថ្នាក់សឹកទេ ប៉ុន្តែកុំឱ្យខូចតម្លៃព្រះពុទ្ធសាសនា ភិក្ខុ ឡុង ចន្ថា សម្រេចលាចាកសិក្ខាបទដោយខ្លួនឯង នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ នេះ។
នៅថ្ងៃទី៤ ខែឧសភា សម្តេចសង្ឃ នន្ទ ង៉ែត សម្តេចគណៈសង្ឃនាយក បានស្នើឲ្យមេគណខេត្តតាកែវ និមន្តភិក្ខុ ឡុង ចន្ថា ចូលទៅដោះស្រាយក្នុងរឿងអាស្រូវដែលផ្ទុះឡើងនេះ ។ ក្រោយឆ្លងកាត់ការដោះស្រាយជាមួយគ្នាព្រះសង្ឃ ឡុង ចន្ថា ក៏សរសេរកិច្ចសន្យាពីការសុខចិត្តលាចាកសិក្ខាបទដោយខ្លួនឯង។
គួររំលឹកថា បព្វជិត ឡុង ចន្ថា ប្រាប់បណ្តាញសារព័ត៌មានកាលពីល្ងាចថ្ងៃទី៤ ខែឧសភា ថា ព្រះមេគណពុំបានបង្ខំឲ្យអាត្មាសឹកឡើយ តែជាការយល់ព្រមដោយអង្គឯង ។ កុំឲ្យប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនា កុំឲ្យរឿងវែងឆ្ងាយអាត្មាសុខចិត្តសឹក ។
ទោះជាយ៉ាងនេះក្តី បើតាមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់បព្វជិត ឡុង ចន្ថា នៅថ្ងៃនេះ បានលើកឡើងថា លោកមិនទាន់អស់និស័យ្សនឹងព្រះទេ។បើតាមន័យនេះ លោកទំនងជាមិនព្រមសឹកតាមការសន្យានោះឡើយ ទើបបានជាមន្ត្រីធម្មការ និងអាជ្ញាធរមានសមត្ថកិច្ច នៅថ្ងៃទី១៤ ខែឧសភា នេះបានប្រកាសស្វែងបព្វជិត ឡុង ចន្ថា ដើម្បីអនុវត្តតាមការសន្យា។
សូមរំលឹកថា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ បន្ទាប់ពីលោករដ្ឋមន្រ្តីក្រសួងពត៌មាន ខៀវ កញ្ញារិទ្ធិ បានចេញសាររិះគន់តាម Facebook ទៅលើព្រះសង្ឃ ឡុង ចន្ថា ដែលគង់នៅវត្តមួយក្នុងខេត្តតាកែវ ថា ជា«ព្រះសង្ឃបំផ្លាញ» នៅយប់ថ្ងៃដដែលនោះ ព្រះសង្ឃ ឡុង ចន្ថា ដែលពូកែលេងសើចសំដីបែបអ្នកមានអាជីពកំប្លែង បានចេញ ឃ្លីបវិដេអូ តាម Facebook ដោយ សុំទោសចំពោះសាធារណជននូវកំហុសខុសឆ្គងរបស់ខ្លួន ដែលទេសនាកន្លងមក និងនាំអោយមានការរិះគន់៕